អ្នកវិទ្យាសាស្រ្តរបស់ WHO មិនយល់ស្របចំពោះការចាក់វ៉ាក់សាំង២បញ្ចូលគ្នា
ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក លោកស្រី Soumya Swaminathan កាលពីថ្ងៃចន្ទ បានព្រមានប្រជាជនឱ្យនៅឆ្ងាយពីការរួមបញ្ចូលគ្នារវាងវ៉ាក់សាំង Covid-19 ផ្សេងៗគ្នា បើទោះបីជាការសិក្សាបង្ហាញថា វិធីសាស្រ្តលាយបញ្ជូលគ្នានេះអាចផ្តល់លទ្ធផលវិជ្ជមានក៏ដោយ។
នៅក្នុងសន្និសីទកាសែតសន្និសីទកាសែតរបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី Soumya Swaminathan បានមានប្រសាសន៍ថា“ មានមនុស្សដែលកំពុងគិតអំពីការលាយ និងការផ្គូផ្គង…ដូច្នេះវាជានិន្នាការដ៏គ្រោះថ្នាក់មួយនៅទីនេះ។ ខ្ញុំពិតជាចង់ឲ្យមានការប្រុងប្រយ័ត្ន ចំពោះមនុស្សទាំងអស់។ យើងគ្មានទិន្នន័យនិងគ្មានភស្តុតាងជាក់លាក់នោះទេ ហើយមានទិន្នន័យស្តីពីការលាយបញ្ចូលគ្នាដែលបានបង្ហាញ គឺមានកំណត់”។
លោកស្រី បានទទួលស្គាល់ថាការសិក្សាទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការតម្រូវឲ្យចាក់នូវដូសទី៣ ប៉ុន្តែបានកត់សម្គាល់ថា ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ បម្លែងថ្មីចុងក្រោយបង្អស់ក៏ដោយ ការចាក់ថ្នាំបង្ការរោគនូវដូសទី៣នេះ មិនចាំបាច់ទេនៅពេលនេះ។ លោកស្រីបានបញ្ជាក់ថា វាត្រូវផ្អែកលើវិទ្យាសាស្ត្រនិងទិន្នន័យ មិនមែនលើក្រុមហ៊ុននីមួយៗដែលប្រកាសថា វ៉ាក់សាំងរបស់ពួកគេ គួរតែត្រូវបានប្រើជាកម្រិតថ្នាំនោះទេ។
សូមបញ្ជាក់ថា ការចេញមកថ្លែងបែបនេះ របស់ប្រធានអ្នកវិទ្យាសាស្រ្តអង្គការសុខភាពពិភពលោក បានធ្វើឡើងក្រោយពីប្រទេសមួយកំពុងតែគិតគូរក្នុងការចាក់វ៉ាក់សាំងបញ្ចូលគ្នាដល់ពលរដ្ឋរបស់ខ្លួន ក្នុងការបង្កើនប្រសិទ្ធភាពវ៉ាក់សាំង៕