អន្តរជាតិ

មីយ៉ាន់ម៉ា ក្លាយជាជម្រុកអាភៀនដ៏ធំបំផុតរបស់ពិភពលោក

អង្គការសហប្រជាជាតិ បានឱ្យដឹងនៅក្នុងរបាយការណ៍មួយនៅថ្ងៃអង្គារទី១២ ខែធ្នូនេះថា ប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រភពអាភៀនដ៏ធំបំផុតរបស់ពិភពលោក ដោយសារអស្ថិរភាពក្នុងស្រុក និងការធ្លាក់ចុះយ៉ាងគំហុកនៃការដាំដុះនៅក្នុងប្រទេសអាហ្គានីស្ថាន។

ការធ្លាក់ចុះ៩៥ភាគរយនៃការដាំដុះអាភៀននៅក្នុងប្រទេសអាហ្គានីស្ថាន បន្ទាប់ពីការហាមឃាត់គ្រឿងញៀនដោយពួកតាលីបង់ ក្នុងឆ្នាំ២០២២ ឃើញថាការផ្គត់ផ្គង់ទូទាំងពិភពលោកបានផ្លាស់ប្ដូរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលជាកន្លែងអស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលកើតឡើងដោយរដ្ឋប្រហារឆ្នាំ២០២១ បានជំរុញមនុស្សជាច្រើនឱ្យធ្វើកសិកម្មអាភៀន។ នេះ​បើ​តាម​របាយការណ៍​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម (UNODC)។ កសិករមីយ៉ាន់ម៉ាឥឡូវនេះ រកចំណូលបានប្រហែល៧៥ភាគរយបន្ថែមទៀតពីដំណាំអាភៀន ខណៈដែលតម្លៃជាមធ្យមនៃផ្កាបានកើនឡើងដល់ប្រហែល៣៥៥ដុល្លារក្នុងមួយគីឡូក្រាម ហើយផ្ទៃដីដាំដុះបានកើនឡើង១៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំពី៤០១០០ហិកតា ទៅ៤៧០០០ហិកតា ជំរុញឱ្យទិន្នផលសក្តានុពលរបស់វាកើនឡើង។ UNODC បញ្ជាក់ថា វាជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០១។

អ្នកតំណាងប្រចាំតំបន់របស់ UNODC លោក ជេរ៉េមី ឌូក្លាស (Jeremy Douglas) បាននិយាយថា ការរំខានផ្នែកសេដ្ឋកិច្ច សន្តិសុខ និងអភិបាលកិច្ច ដែលបន្ទាប់ពីការកាន់កាប់ដោយយោធានៅខែកុម្ភៈ ឆ្នាំ២០២១ បន្តជាកាតាលីករជំរុញកសិករនៅតំបន់ដាច់ស្រយាលឆ្ពោះទៅរកការដាំអាភៀនដើម្បីចិញ្ចឹមជីវិត។ បន្ថែមពីនោះ របាយការណ៍របស់ UNODC បានបង្ហាញថា តំបន់ដាំដុះអាភៀនបានពង្រីកភាគច្រើននៅក្នុងតំបន់ព្រំដែនរបស់ប្រទេសមីយ៉ាន់ម៉ានៅភាគខាងជើងរដ្ឋសាន បន្ទាប់មកគឺរដ្ឋឈីន និងកាឈីន ខណៈដែលទិន្នផលកើនឡើងពី១៦ភាគរយទៅ២២,៩គីឡូក្រាមក្នុងមួយហិកតា ដោយសារការអនុវត្តកសិកម្មកាន់តែទំនើប។ លោក ឌូក្លាស បានសង្កត់ធ្ងន់ថា ការកើនឡើងនៃការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចប្រដាប់អាវុធទំនងជានឹងពន្លឿនការពង្រីកការដាំដុះអាភៀន។

គួរបញ្ជាក់ថា ការពង្រីកការដាំដុះអាភៀនបានបញ្ចូលទៅក្នុងសេដ្ឋកិច្ចខុសច្បាប់ ដែលកំពុងរីកចម្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលរួមមាន កម្រិតខ្ពស់នៃការផលិត និងការជួញដូរគ្រឿងញៀនសំយោគ ព្រមទាំងសហគ្រាសឧក្រិដ្ឋជនផ្សេងទៀតពីការលាងលុយកខ្វក់ រហូតដល់មជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត ដែលដំណើរការដោយឧក្រិដ្ឋកម្មរៀបចំ៕