អន្តរជាតិ

ក្រុមហ៊ុន Suzuki បិទរោងចក្រផលិតរថយន្តនៅថៃ

ក្រុមហ៊ុន Suzuki motor បានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍មុនថាក្រុមហ៊ុននឹងបិទរោងចក្រផលិតរថយន្តរបស់ខ្លួនក្នុងប្រទេសថៃនៅចុងឆ្នាំ២០២៥ ចំពេលការលក់ធ្លាក់ចុះ ហើយងាកទៅរកការផលិតនៅក្រៅប្រទេសនេះវិញ។

អ្នកនាំពាក្យក្រុមហ៊ុន Suzuki បានឱ្យ Asia Nikkei ដឹងថា៖ «យើងបានលក់ក្នុងប្រទេសថៃ ប៉ុន្តែបរិមាណលក់មិនបានកើនឡើងដូចការរំពឹងទុកនោះទេ។ រោងចក្រនៅក្នុងប្រទេសថៃផលិតរថយន្តបានត្រឹមតែ ៧ ៥០០គ្រឿងប៉ុណ្ណោះក្នុងឆ្នាំសារពើពន្ធរហូតដល់ខែមីនាកន្លងមកនេះ»។

ការបិទនេះកើតឡើងក្នុងពេលមានការប្រកួតប្រជែងទីផ្សាររថយន្តរវាង ជប៉ុន និងចិននៅប្រទេសថៃខណៈដែលទីផ្សាររថយន្តអគ្គិសនីចិនកំពុងវាយលុកខ្លាំង។

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន សង្ឃឹមថាក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតនឹងមិនដករោងចក្ររបស់ខ្លួនចេញពីថៃទេបន្ទាប់ពីការសម្រេចចិត្តរបស់ Suzuki។

ការសែតបាងកកប៉ុស្តិ៍បានដកស្រង់ប្រសាសន៍របស់នាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលថៃនៅតែយកចិត្តទុកដាក់ចំពោះរថយន្តចំហេះឥន្ធនៈរបស់ជប៉ុន និងថាលោកក៏នឹងមានជំនួបប្រជុំជាមួយក្រុមហ៊ុន Toyota Honda Isuzu Mazda និង Mitsubishi ដើម្បីទទួលយកនូវសំណូមរបស់ពួកគេ។

Suzuki Motor Thailand (SMT) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលថៃក្នុងឆ្នាំ២០០៧ នៃគម្រោងរថយន្តស៊ីសាំងតិច។ រោងចក្រ SMT បានចាប់ផ្តើមផលិតរថយន្តបង្រួមដែលសន្សំសំចៃប្រេងក្នុងឆ្នាំ២០១២ ហើយផលិតបានរហូតដល់ ៦ម៉ឺនគ្រឿងក្នុងមួយឆ្នាំ រួមទាំងរថយន្តសម្រាប់ការនាំចេញផងដែរ៕