កងទ័ពជើងទឹកថៃ បើកប្រតិបត្តិការស្វែងរកទាហាន៣៣នាក់ ដែលបាត់ខ្លួនក្រោយលិចនាវាចម្បាំង
កងទ័ពជើងទឹករបស់ប្រទេសថៃ បានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រនៅព្រឹកថ្ងៃចន្ទទី ១៩ ខែធ្នូនេះ ដើម្បីព្យាយាមកំណត់ទីតាំងទាហានម៉ារីន ៣៣ នាក់ដែលបាត់ខ្លួន បន្ទាប់ពីនាវាចម្បាំងមួយគ្រឿង បានលិចក្នុងឈូងសមុទ្រថៃ។
នាវាកងទ័ពជើងទឹកចំនួនបីគ្រឿង រួមទាំងឧទ្ធម្ភាគចក្រពីរគ្រឿង ត្រូវបានបញ្ជូនទៅស្វែងរកអ្នកបាត់ខ្លួននៅខេត្ត Prachuap Khiri Khan ភាគខាងត្បូងនៃទីក្រុងបាងកក បន្ទាប់ពីនាវាចម្បាំង HTMS Sukhothai មានបញ្ហាម៉ាស៊ីន ហើយបានលិចនៅចម្ងាយប្រហែល ២០ ម៉ាយពីឆ្នេរសមុទ្រ នៅមុនពាក់កណ្តាលអធ្រាត្រ។
កងទ័ពជើងទឹកបានឱ្យដឹងថា បេសកកម្មជួយសង្គ្រោះនាពេលយប់ បានធានាសុវត្ថិភាពមនុស្ស ៧៣ នាក់ក្នុងចំណោមមនុស្ស ១០៦ នាក់នៅលើនាវា ខណៈមនុស្ស ៣៣ នាក់ដែលនៅសេសសល់ ត្រូវបានបាត់ខ្លួន។
ជុំវិញហេតុការណ៍ខាងលើនេះ ឧត្តមនាវីទោ Pogkrong Monthardpalin អ្នកនាំពាក្យកងទ័ពជើងទឹកបានលើកឡើងថា នាវា Sukhothai ដែលផលិតដោយសហរដ្ឋអាម៉េរិក និងត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ១៩៨៧ ត្រូវបានវាយប្រហារដោយរលកដ៏ខ្លាំងកាលពីថ្ងៃអាទិត្យ ដោយធ្វើឱ្យនាវានេះផ្អៀងទៅម្ខាង និងជន់លិចដោយទឹកសមុទ្រ៕