ថៃធ្វើសមយុទ្ធពស់មាសឆ្នាំ២០២៤ ចុងខែនេះ ដោយមានទាហានមកពី៣០ប្រទេសចូលរួម
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃទី០៤ ខែកុម្ភៈថា កងទាហានចំនួន ៩ ៥៩០នាក់មកពី ៣០ប្រទេសនឹងចូលរួមក្នុងសមយុទ្ធយោធាពស់មាសឆ្នាំ២០២៤ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសថៃចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៨ ខែមីនា។
អ្នកនាំពាក្យក្រសួងការពារជាតិថៃ បាននិយាយថា សមយុទ្ធនេះនឹងធ្វើឡើងនៅក្នុងតំបន់ផ្សេងៗ ដែលរួមមានខេត្តលុបបុរី ខេត្តចាន់ថាបុរី ខេត្តស្រះកែវ ខេត្តរ៉ាយ៉ាង និងឈូងសមុទ្រថៃ។
នៅក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍នោះ កងទាហាននឹងចូលរួមក្នុងសមយុទ្ធរួមជាបន្តបន្ទាប់ រួមទាំងការហ្វឹកហ្វឺនការប្រយុទ្ធតាមទីវាល ការហ្វឹកហ្វឺនសង្គ្រាមតាមអ៊ីនធឺណិត ជំនួយមនុស្សធម៌ និងការហ្វឹកហ្វឺនឆ្លើយតបនឹងគ្រោះមហន្តរាយ។
យោងតាមអគ្គសេនាធិការនៃកងយោធពលភូមិន្ទថៃ លោក ធីទីចៃ ទៀនតុង បានឱ្យដឹងថា សមយុទ្ធនោះនឹងមានការចូលរួមពីនាវាចម្បាំង USS Somerset និង USS Miguel Keith នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
ដោយចាប់ផ្តើមនៅក្នុងឆ្នាំ១៩៨២ សមយុទ្ធពស់មាសនាពេលបច្ចុប្បន្ន គឺជាសមយុទ្ធប្រចាំឆ្នាំដ៏ធំ និងវែងបំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕