អន្តរជាតិ

កម្ពុជា-ថៃនឹងជួបពិភាក្សាគ្នាអំពីវិធានការកាត់បន្ថយការបំពុលបរិយាកាស

កម្ពុជា-ថៃ នឹងពិភាក្សាអំពីវិធានការកាត់បន្ថយតំបន់ភ្លើងឆេះព្រៃ និងការដុតកាកសំណល់ផ្សេងៗ ដែលជាមូលហេតុចម្បងនៃការបំពុលបរិយាកាស PM2.5។ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសថៃ លោក ចក្រាហ្វុង សែងម៉ានី (Chakkraphong Saengmanee) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។

អនុរដ្ឋមន្ត្រីការបរទេសថៃបានលើកឡើងថា ​រូបថត​ផ្កាយ​រណប​បាន​បង្ហាញ​ពីតំបន់ដែលឆេះក្នុង​ប្រទេស​កម្ពុជា និង​តំបន់​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដែល​បង្ក​ឡើង​ដោយ​ភ្លើង​ឆេះ​ព្រៃ ឬ​ការ​ដុត​កាកសំណល់​កសិកម្ម។ ផ្សែងដែលបានអណ្តែតចេញមកបានបង្កើតការបំពុលបរិយាកាស PM2.5 ឬភាគល្អិតធូលី ២,៥មីក្រូម៉ែត្រ ឬមានអង្កត់ផ្ចិតតូចជាងនេះ។ ការប៉ះពាល់រយៈពេលវែងដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺរ៉ាំរ៉ៃ រួមទាំង៖ បញ្ហាសួត បេះដូង និងថប់ដង្ហើមជាដើម។

លើសពីនេះ អនុរដ្ឋមន្ត្រីការបរទេសថៃបញ្ជាក់ថា លោកបានប្រគល់ភារកិច្ចឱ្យនាយកដ្ឋានអាស៊ីបូព៌ា ពិភាក្សាអំពីវិធានការកាត់បន្ថយភាពក្ដៅគគុកនៅតំបន់ព្រំដែនជាមួយឯកអគ្គរាជទូតកម្ពុជាឯកឧត្តម ហ៊ុន សារឿន និងបញ្ជូនសេចក្តីសម្រេចដែលអាចធ្វើទៅបានមកកាន់រាជធានីភ្នំពេញ ដើម្បីអនុវត្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ លោក ចក្រាហ្វុង បានកំណត់ពេលសន្ទនាតាមទូរសព្ទជាមួយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃសុក្រនេះផង។

គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតថៃប្រចាំរាជធានីភ្នំពេញ ក៏នឹងជួបឯកឧត្តម ដើម្បីពិភាក្សាអំពីដំណោះស្រាយចំពោះបញ្ហាបំពុលបរិយាកាស PM2.5 ផងដែរ៕