អន្តរជាតិ

ប្រទេសដាណឺម៉ាកប្រកាសប្រមូលយកមីហឹរមួយរបស់កូរ៉េខាងត្បូងពីលើទីផ្សារមកវិញ

ទីភ្នាក់ងារចំណីអាហាររបស់ដាណឺម៉ាកបានប្រមូលមកវិញនូវមីហឹរ (រ៉ាមេន) មួយប្រភេទមកវិញជាបន្ទាន់ ដែលជាមីហឹរដ៏ពេញនិយមនៅបណ្ដាប្រទេសលោកខាងលិច ដោយបានព្រមានអ្នកដែលចូលចិត្តមីហឹរថាសារជាតិហឹររបស់វាខ្លាំងពេក អាចបណ្ដាលឱ្យមានគ្រោះថ្នាក់។ រដ្ឋបាលចំណីអាហាររបស់ដាណឺម៉ាកបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលិតផលមីហឹររបស់ក្រុមហ៊ុន Samyang Foods ចំនួន៣ ត្រូវបានគេវាយតម្លៃថាមានកម្រិតគ្រោះថ្នាក់ដោយសារធាតុ Capsaicin ដែលជាសមាសធាតុសកម្មនៃម្ទេស។

ផលិតផលទាំង ៣ ដែលត្រូវបានប្រមូលពីលើទីផ្សាររបស់ប្រទេសដាណឺម៉ាករួមមាន មីហឹរ Buldak ហឹរគុណនឹង៣, មីហឹរ Buldak ហឹរគុណនឹង២ រួមជាមួយនិងមីហឹរ Hot Chicken Stew។ ស្ថាប័នចំណីអាហាររបស់ដាណឺម៉ាកបញ្ជាក់ថា សារជាតិហឹរនៃមីហឹរនៅក្នុងកញ្ចប់នីមួយៗមានកម្រិតខ្ពស់ ដែលអាចបង្កជាហានិភ័យដល់់អ្នកបរិភោគ។ សេចក្តីប្រកាសព័ត៌មានបន្ថែមថា ប្រសិនបើអ្នកមានផលិតផល (មីហឹរ) នេះ អ្នកគួរតែបោះចោល ឬប្រគល់ទៅឱ្យហាងដែលបានទិញនោះវិញ។

យ៉ាងណាមិញ ផលិតផលមីហឹររបស់ក្រុមហ៊ុន Samyang មានការពេញនិយមយ៉ាងខ្លាំងនៅក្រៅប្រទេស ដោយកាលពីឆ្នាំ២០២៣ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបានកើនឡើងខ្ពស់បំផុតលើសពី ១១០លានដុល្លារអាមេរិកឯណោះ។ ក្រុមហ៊៊ុន Samyang Foods បញ្ជាក់ថា នេះគឺជាលើកទី១ហើយដែលផលិតផលរបស់ក្រុមហ៊ុនត្រូវបានប្រមូលមកវិញ ដោយសារតែហេតុផលថាវាមានរសជាតិហឹរខ្លាំងពេក។ នេះបើតាមក្រុមហ៊ុនបញ្ជាក់ប្រាប់សារព័ត៌មាន AFP៕