ព័ត៌មានជាតិ

រថភ្លើង Kiha-183 សាកល្បងបើកលើផ្លូវដែកភាគខាងជើង មុនដំណើរការជាផ្លូវការនាពេលឆាប់ៗនេះ

រថភ្លើង Kiha-183 ប្រភេទDMU (Diesel Multiple Unit) ចំនួន៤គ្រឿង បានបើកបរសាកល្បងជាថ្មីលើផ្លូវដែកភាគខាងជើង (ភ្នំពេញ-ខេត្តកំពង់ឆ្នាំង) មានចម្ងាយផ្លូវជាង៥៥គីឡូម៉ែត្រដោយជោគជ័យ នាថ្ងៃទី១២មិថុនា ឆ្នាំ២០២៤ ក្នុងល្បឿនចន្លោះពី៣០ទៅ៥០គីឡូម៉ែត្រ/ម៉ោង ពោលគឺតាមបទដ្ឋានដែលបានកំណត់។

នេះជាការបើកសាកល្បងលើកទី២ហើយ បន្ទាប់ពីការបើកបរសាកល្បងលើកទី១លើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ) កាលពីថ្ងៃទី០៨មិថុនាកន្លងទៅ។ ក្រុមមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia (RRC) បានយកចិត្តទុកដាក់សហការគ្នាលើការពិនិត្យ និងតាមដានដំណើរការបើកបរសាកល្បងនេះ ដោយផ្តោតជាពិសេសលើដំណើរការកង់ ប្រព័ន្ធហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។

តាមការគ្រោងទុក នៅពេលដាក់ដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយជាពីរខ្សែ ក្នុងនោះរួមមាន៖ (១)ខ្សែផ្លូវរថភ្លើងភាគខាងត្បូងភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ក្នុងល្បឿន៨០គីឡូម៉ែត្រក្នុង១ម៉ោង និង(២)ខ្សែផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ក្នុងល្បឿនចន្លោះពី ៣០ ទៅ ៥០គីឡូម៉ែត្រក្នុង១ម៉ោង។ ក្រោយដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បានចុះពិនិត្យរួមគ្នា លើការងារកែតម្រូវកង់ និងប្រព័ន្អហ្វ្រាំងរថភ្លើងដឹកអ្នកដំណើរឱ្យស្របតាមស្ដង់ដារផ្លូវដែកកម្ពុជា ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។

គួរំឭកដែរថា កាលពីអំឡុងខែមេសា ឆ្នាំ២០២៤ ក្បាល​​​រថភ្លើង​​​ដឹក​អ្នកដំណើរ​ល្បឿនលឿនប្រភេទ DMU ចំនួន១១គ្រឿង​ ត្រូវបានក្រុមហ៊ុន Royal​ Railway Cambodia បញ្ជាទិញពីប្រទេសជប៉ុន ដោយ​​​ដឹកជញ្ជូន​ពី​តំបន់​ហុកកៃដូមក​កាន់​ប្រទេស​កម្ពុជា ដោយគេរំពឹងថា រថភ្លើងពីជប៉ុនទាំងនោះនឹងដាក់ឱ្យប្រើប្រាស់ស្របតាមស្ថានភាពផ្លូវដែកកម្ពុជា ដើម្បីជួយវិស័យដឹកជញ្ជូនផ្លូវដែកឱ្យប្រសើរឡើងព្រមទាំងមានសុវត្ថិភាពល្បឿន និងប្រសិទ្ធភាពក្នុងការប្រកួតប្រជែងលើវិស័យដឹកជញ្ជូន៕