អន្តរជាតិ

ចិនបង្ហាញយន្តហោះ C919 ផលិតក្នុងស្រុកនៅហុងកុង

យន្តហោះដឹកអ្នកដំណើរដែលផលិតក្នុងស្រុកថ្មីរបស់ប្រទេសចិន គឺយន្តហោះ C919 បានបង្ហាញខ្លួនជាលើកដំបូងក្នុងអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងហុងកុង កាលពីថ្ងៃទី១៣ ខែធ្នូ។

FILE PHOTO: Chinese passenger jet C919 performs at the China International Aviation and Aerospace Exhibition, or Airshow China, in Zhuhai, Guangdong province, China November 8, 2022. China Daily via REUTERS

យន្តហោះ C919 បានហោះហើរពាណិជ្ជកម្មលើកដំបូងនៅក្នុងខែឧសភា ហើយវាគឺជាគន្លឹះនៃមហិច្ឆតាជាច្រើនទសវត្សរ៍របស់រដ្ឋធានីប៉េកាំង​ ក្នុងការប្រកួតប្រជែងជាមួយនឹងគូប្រជែងលោកខាងលិច លើវិស័យអាកាសចរណ៍ និងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសចិនលើបច្ចេកវិទ្យាបរទេស។ អាជ្ញាធរចិនសង្ឃឹមថា យន្តហោះដែលមានរាងតូចច្រឡឹង និងរចនាឡើងដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មរដ្ឋ COMAC នេះ នឹងប្រកួតប្រជែងជាមួយម៉ូដែលបរទេសដូចជា Boeing ៧៣៧ MAX និង Airbus A៣២0 ជាដើម។  

យន្តហោះ C៩១៩ ត្រូវបានដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិហុងកុង នឹងហោះហើររំលងកំពង់ផែ Victoria របស់ទីក្រុងនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ មេដឹកនាំហុងកុងលោក ចន លី (John Lee) បានសាទរចំពោះការអភិវឌ្ឍរបស់យន្តហោះ C919 និង ARJ21 ថាជាព្រឹត្តិការណ៍សំខាន់នៅក្នុងវិស័យអាកាសចរណ៍របស់ប្រទេសចិន ដោយបន្ថែមថា យន្តហោះ C919 បានទទួលការបញ្ជាទិញជាង១ពាន់គ្រឿង។ ប្រទេសចិនបានបណ្តាក់ទុនយ៉ាងច្រើនលើយន្តហោះដែលផលិតក្នុងស្រុក ខណៈរដ្ឋធានីប៉េកាំងព្យាយាមកាត់បន្ថយការពឹងផ្អែកលើបរទេសនៅក្នុងបច្ចេកវិទ្យាសំខាន់ៗ ប៉ុន្តែផ្នែកជាច្រើនរបស់យន្តហោះ C919 ត្រូវបាននាំចូលពីបរទេស។

យន្តហោះ​នេះ​ទទួល​បាន​វិញ្ញាបនប័ត្រជាផ្លូវការ​ក្នុង​ការ​ហោះ​ហើរ​កាល​ពី​ឆ្នាំ​មុន បន្ទាប់ពីការអភិវឌ្ឍជាងមួយទសវត្សរ៍ ប៉ុន្តែ​មិន​ទាន់​ទទួលបានអតិថិជនអន្តរជាតិណាមួយបាននៅឡើយទេ។ អ្នកយកព័ត៌មាន និងភ្ញៀវកិត្តិយស ត្រូវបានអញ្ជើញឱ្យធ្វើដំណើរតាមយន្តហោះ ដោយរយៈពេលពីរថ្ងៃបន្ទាប់ត្រូវបានបម្រុងទុកសម្រាប់ការទស្សនាពីតំណាងសហគមន៍មូលដ្ឋាន។ យន្តហោះ C919 នឹងហោះហើរជុំវិញទីក្រុងហុងកុងពីរដងនៅព្រឹកថ្ងៃសៅរ៍ ប្រសិនបើអាកាសធាតុអំណោយផល៕