WHO រង់ចាំទិន្នន័យបន្ថែមក្រោយពីករណីជំងឺផ្ដាសាយបក្សី H5N2 បានផ្តាច់អាយុជីវិតមនុស្សជាលើកដំបូងបង្អស់
ហ្សឺណែវ — អង្គការសុខភាពពិភពលោក (WHO) បានកំពុងរង់ចាំទិន្នន័យលំដាប់ហ្សែនពេញលេញ បន្ទាប់ពីមានករណីបុរសម្នាក់បានស្លាប់ដោយសារជំងឺគ្រុនផ្តាសាយបក្សីនៅប្រទេសម៉ិកស៊ិក នៅក្នុងការឆ្លងដំបូងរបស់មនុស្សដែលមានមេរោគ H5N2។ លោកស្រី Aspen Hammond មន្ត្រីបច្ចេកទេសនៃកម្មវិធីជំងឺគ្រុនផ្តាសាយសកលរបស់ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិនិយាយថា មកដល់ពេលនេះនៅមិនទាន់មានការឆ្លងបន្ថែមដែលទាក់ទងនឹងករណីនេះត្រូវបានរកឃើញនៅឡើយទេ។
លោកស្រី Hammond បានថ្លែងនៅក្នុងសិក្ខាសាលាមួយថា៖ “ការកំណត់លក្ខណៈនៃមេរោគនេះគឺនៅតែដំណើរការ ហើយទិន្នន័យនៃលំដាប់ហ្សែននៃអាចត្រូវកំណត់បានក្នុងពេលឆាប់ៗនេះ”។ លោកស្រីក៏បានបញ្ជាក់ដែរថា មេរោគផ្តាសាយបក្សី H5N2 ត្រូវបានគេរកឃើញជាយូរមកហើយក្នុងខ្លួនរបស់សត្វបក្សី។
WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសវ័យ ៥៩ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីមានអាការៈគ្រុនក្តៅ ដកដង្ហើមដង្ហក់ញាប់ៗ រាគ និងចង្អោរ ប៉ុន្តែមិនមានប្រវត្តិធ្លាប់ប៉ះពាល់ជាមួយសត្វបក្សី ឬសត្វដទៃទៀតទេ ខណៈសុខភាពបុរសខាងលើក៏ញាំញីដោយជំងឺជាច្រើនទៀតផងដែរ។ សេចក្ដីបញ្ជាក់ដដែលឱ្យដឹងថា បុរសដែលស្លាប់ខាងលើរស់នៅក្នុងរដ្ឋធានីនៃប្រទេសម៉ិកស៊ិក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានស្លាប់នៅថ្ងៃទី២៤ ខែឧសភា។
អង្គការ WHO បានបញ្ជាក់ថា វាគឺជាករណីដំបូងស្លាប់មនុស្សដំបូងបង្អស់ដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍ នៃការឆ្លងមេរោគជាមួយនឹងមេរោគគ្រុនផ្តាសាយ A (H5N2) ដែលបានរាយការណ៍ពីទូទាំងពិភពលោក។ ក្រសួងសុខាភិបាលម៉ិកសុិកប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ជនរងគ្រោះគឺជាបុគ្គលដែលមាន “ប្រវត្តិជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺលើសឈាមយូរមកហើយដែរ”។ បន្ថែមពីនេះ ក្រសួងសុខាភិបាលម៉ិកសុិកបញ្ជាក់ថា មិនមានសញ្ញាណនៃហានិភ័យការឆ្លងលើប្រជាជនទូទៅឡើយ ដោយសំណាកទាំងអស់ពីទំនាក់ទំនងដែលបានពីអ្នកជំងឺដែលកំណត់អត្តសញ្ញាណគឺមានលទ្ធផលអវិជ្ជមាន៕