ព័ត៌មានជាតិ

វៀតណាមគ្រោងវិនិយោគសេវារថយន្តតាក់ស៊ីអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុន Vingroup ដែលជាម្ចាស់ក្រុមហ៊ុនរថយន្ត Vinfast របស់វៀតណាមគ្រោងវិនិយោគលើវិស័យសេវាកម្មរថយន្តតាក់ស៊ីអគ្គិសនីនៅកម្ពុជា ដែលនឹងចាប់ដំណើរការនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ខាងមុខ។ នេះបើតាមខ្លឹមសាររវាងជំនួបនាយករដ្ឋមន្ត្រីកម្ពុជាជាមួយអគ្គនាយកក្រុមហ៊ុន Vingroup កាលពីថ្ងៃទី១២ ខែធ្នូ នៅរដ្ឋធានីហាណូយ។

តាមគម្រោង Vingroup គ្រោងដាក់ដំណើររថយន្តតាក់ស៊ីអគ្គិសនីចំនួន ២ ៥០០គ្រឿង នៅក្នុងរាជធានីភ្នំពេញ និងបន្តទៅកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងការវាយតម្លៃខ្ពស់ចំពោះគោលបំណងរបស់ក្រុមហ៊ុន Vingroup ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ចគាំពារ និងថែរក្សាបរិស្ថាន។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងខ្សែច្រវាក់ផលិតកម្មរថយន្តនៅក្នុងប្រទេសវៀតណាម ផងដែរ៕