ព័ត៌មានជាតិ

ក្រសួងប្រាប់​ឲ្យ​ពលរដ្ឋ​នៅ​បណ្តា​ខេត្ត​ជាប់​តំបន់ជួរ​ភ្នំ និង​ផ្លូវទឹក​ប្រយ័ត្ន​ចំពោះជំនន់ទឹកភ្លៀង

ក្រសួងធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ​២០២២ បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​បណ្តា​ខេត្ត​ក្នុង​ភូមិសាស្រ្ត​ជាប់​តំបន់ជួរ​ភ្នំ ទីទំនាប និង​ជាប់ផ្លូវទឹក សូម​បង្កើន​ការ​ប្រយ័ត្ន​ខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា។

បើតាម​ក្រសួងធនធានទឹក បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​ទទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធទាប (ITCZ) សម្ពាធទាប និង​ខ្យល់មូសុង​និរតី​ក្នុង​ល្បឿន​ពីមធ្យម​ទៅបង្គួរ ដោយវា​នឹង​ធ្វើ​ឲ្យ តំបន់​ទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៣-២៥ °C សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​តំបន់​ខ្លះ​ក៏មាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​អន្លើ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

សម្រាប់តំបន់​ខ្ពង់រាប​ សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

ដោយ​ឡែកតំបន់​មាត់សមុទ្រ​ សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *