ព័ត៌មានជាតិ

សហគមន៍ថា ក្នុងខែសីហា បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ កើត​មាន​ជាង២០០ករណី

(ព្រះវិហារ) ៖ សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានសម្ដែងក្ដីព្រួយបារម្ភក្រោយពីឃើញមានបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ បន្តកើតឡើងឥតស្រាកស្រានពីមួយថ្ងៃទៅមួយថ្ងៃ។

តាមរយៈការចុះអង្កេតចំនួន០២លើករបស់សហគមន៍ ដែលលើកទី១ធ្វើកាលពីថ្ងៃទី៣០ ខែកក្កដា ដល់ ០២ ខែសីហា និងលើកទី២នៅថ្ងៃទី ២៤ ដល់ ២៧ ខែសីហា សហគមន៍បានរកឃើញបទល្មើសព្រៃឈើកើតឡើងចំនួន២៤៩ករណី ដែលក្នុងនោះមានក្តារបន្ទះបន្សល់ទុកចោលចំនួន ២៨៦សន្លឹក, ឈើតាប់ចំនួន៣១៣សន្លឹក, ប្រទះឃើញរទេះក្របីកំពុងដឹកឈើចំនួន០៣គ្រឿង, គោយន្តចំនួន ០២ គ្រឿងផងដែរ។

មិនតែប៉ុណ្ណោះ សហគមន៍ជនជាតិដើមភាគតិចកួយបានឱ្យដឹងទៀតថា ឈើដែលត្រូវបានកាប់ភាគច្រើនជាប្រភេទឈើ ឈើទាល, ពពេល, គគី, ត្រាច, ដួងចែម, ស្ទៀង, ត្រសេក, ក្រឡាញ់ មានមុខកាត់ចាប់ពី40cm ដល់140cm។ ការរកឃើញនេះ គឺធ្វើឡើងនៅលើចម្ងាយផ្លូវចុះអង្កេតប្រវែង៤២គីឡូម៉ែត្រ។

ពាក់ព័ន្ធនឹងករណីនេះ យើង​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺពី​លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានទេនៅថ្ងៃនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *