រដ្ឋធានីឥណ្ឌាចាប់ផ្តើមធ្វើតេស្តរកមេរោគកូវីដ-១៩ឡើងវិញ ក្រោយករណីឆ្លងកើនឡើង
រដ្ឋធានី ញូវ ដេលី (New Delhi) នឹងចាប់ផ្តើមបង្កើនការធ្វើតេស្តរកមេរោគ COVID-19 ឡើងវិញ និងបានលើកទឹកចិត្តឱ្យប្រជាជនបង្កើនការប្រើប្រាស់របាំងមុខ ឬពាក់ម៉ាស់ឡើងវិញ បន្ទាប់ពីប្រទេសឥណ្ឌាបានកត់ត្រាចំនួនករណីរកឃើញអ្នកឆ្លងកូវីដ-19 ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិតប្រាំមួយខែ។ នេះបើតាមការលើកឡើងពីសំណាក់រដ្ឋមន្រ្តីមួយរូបនៃប្រទេសឥណ្ឌាបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ។
ប្រទេសឥណ្ឌា បានកត់ត្រាចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៣,០១៦ករណីត្រឹមរយៈពេល ២៤ម៉ោងចុងក្រោយ ដែលនេះគឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។ នេះបើតាមប្រភពពីរដ្ឋមន្រ្តីសុខាភិបាលសហព័ន្ធបានបង្ហាញចុងក្រោយ។
ដោយឡែក ផ្អែកតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គ្រាន់តែនៅក្នុងតំបន់មួយនៃរដ្ឋធានី New Delhi មានតួលេខអ្នកឆ្លងដល់ទៅជាង ៣០០ករណីក្នុងមួយថ្ងៃ ដែលជាតួលេខមួយខ្ពស់បំផុតមិនធ្លាប់មានរាប់ចាប់តាំងពីខែសីហាមក។ លោក Saurabh Bhardwaj រដ្ឋមន្រ្តីសុខាភិបាលនៃរដ្ឋ New Delhi បាននិយាយនៅក្រោយពេលដែលបញ្ចប់ជំនួបបន្ទាន់មួយរបស់មន្រ្តីរដ្ឋាភិបាលជុំវិញការកើនឡើងនៃករណីឆ្លងកូវីដ-១៩ នេះថា៖ “អត្រាវិជ្ជមានគឺលើសពី ១០ភាគរយនៅក្នុងទីក្រុងញូវដេលី ប៉ុន្តែចំនួននៃការធ្វើតេស្តមានកម្រិតទាប ដែលជាហេតុផលដែលប្រជាជនមិនមានការភ័យស្លន់ស្លោ។ យើងបានចេញសេចក្តីណែនាំមួយដោយសុំឱ្យប្រជាជនពាក់ម៉ាស់ប្រសិនបើពួកគេមានរោគសញ្ញាដូចជាជំងឺផ្តាសាយ ហើយប្រញាប់ទៅកាន់មន្ទីរពេទ្យ”។
គួរបញ្ជាក់ថា ឥណ្ឌាមានតួលេខអ្នកឆ្លងកូវីដ-១៩ ប្រមាណជា ៤៤លានករណី រាប់ចាប់តាំងពីមានការផ្ទុះឡើងជាសកលនៃវីរុសរាតត្បាតនេះ ដែលធ្វើឱ្យឥណ្ឌាជាប្រទេសដែលមានអ្នកឆ្លងកូវីដ-១៩ ច្រើនបំផុតលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានអ្នកឆ្លងប្រមាណ ១០៦លានករណី៕