រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ខែ កក្កដា ឆ្នាំ ២០២៤នេះ បានប្រកាសថា លោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងអំឡុងពេលស្នាក់នៅ លោកស្រីរដ្ឋមន្ត្រី Kamikawa នឹងជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បន្ថែមពីលើនេះ លោកស្រីនឹងជួបពិភាក្សាទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងរក្សាសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ជាញឹកញាប់រវាងប្រជាជាតិទាំងពីរ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន៕