ព័ត៌មានជាតិ

វត្ថុយក្សចំនួន៧ មានវត្ដមាន និងកំពុងរៀបចំដាក់បង្ហាញនៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ហើយ

វត្ថុយក្សចំនួន ៧រួមាន ចាប៉ីដងវែងយក្ស, កន្ត្រងប្រហុកយក្ស, មួកស្លឹកត្នោតយក្ស, សំបុក និងពងមាន់យក្ស, ខ្មុកយក្ស, អង្រុតយក្ស និងបំពង់ទឹកត្នោតយក្ស។ វត្ថុទាំងនេះ នឹងកំពុងរៀបចំដាក់បង្ហាញនៅក្នុងកម្មវិធីភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដហើយ។

កម្មវិធី”ពិព័រណ៍វត្ថុយក្ស” ដែលមានពិព័រណ៍វត្ថុយក្សរៀបចំឡើង ក្នុងខ្លឹមសារអបអរសាទរខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយពាំនាំត្រឡប់មកវិញនូវស្នាដៃវត្ថុយក្សក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំមុនៗ និងស្នាដៃដទៃទៀតដ៏គួរជាទីមោទកភាពរបស់យុវជន ដោយរំលេចជាទស្សនីយភាពដ៏អស្ចារ្យ ក្នុងការរួមចំណែកលើកតម្កើង ស្នាដៃកូនខ្មែរក្រោមពាក្យស្លោក “ខ្មែរធ្វើបាន” ។

កម្មវិធីភូមិខ្ញុំ នៅឆ្នាំ២០២៣នេះ ក្រោមប្រធានបទ “ភូមិខ្ញុំ ភូមិសុខសាន្ត” ដែលមានទីតាំងនៅខាងជើងជាប់នឹងប្រាសាទបាយ័ន បែរមុខទៅទិសខាងលិចទល់នឹង ប្រាសាទភិមានអាកាស មានខ្លោងទ្វារពីរខាងមុខភូមិ រចនាតុបតែងដោយក្បូរក្បាច់រចនារបៀបខ្មែរគួរឱ្យទាក់ទាញ និងហ៊ុមព័ទ្ធដោយរបបឈើជុំវិញភូមិ។ កម្មវិធីភូមិខ្ញុំនេះ មានសំណង់ផ្ទះខ្មែរបុរាណ ដែលមានដូចជា៖ ផ្ទះសិល្ប:ទស្សនីយភាព ផ្ទះសេដ្ឋី, ផ្ទះនំ, សាលាឆទាន និងផ្ទះចាក់ចេក។ ផ្សារភូមិខ្មែរ ដែលមានលក់ម្ហូបអាហារ, នំ, ភេសជ្ជ: និងវត្ថុអនុស្សាវរីយ៍ផ្សេងៗរបស់អ្នកភូមិ។ ឆាកតន្ត្រីបុរាណ សម័យ និងសកម្មភាពសាសនារបស់អ្នកភូមិផងដែរ ។ កម្មវិធី”ភូមិខ្ញុំ” នៃព្រឹត្ដិការណ៍អង្គរ ដែលបានរៀបចំឡើង ដើម្បីបង្ហាញអំពីទិដ្ឋភាពខ្លះៗនៃភូមិខ្មែរសម្រាប់ឱ្យអ្នកទស្សនាជាតិ និងអន្តរជាតិ បានឃើញ នឹងនឹកដល់ជីវភាពសុខសាន្តនៃប្រជាពលរដ្ឋខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន ដែលជាក្ដីស្រមៃ ក្តី សង្ឃឹមសម្រាប់ពលរដ្ឋខ្មែរ ពីភាពរីកចម្រើន ភាពសុខសាន្ត សន្តិភាពក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅទីលានប្រាសាទជល់ដំរី នៃក្រុងអង្គរធំ មានកម្មវិធីជាច្រើនទៀត រួមមានកម្មវិធី “នេះមិនមែនជាសុបិន” កម្មវិធីបានបង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តជានិមិត្តរូប នៃការជួបជុំបងប្អូន និងភាពសប្បាយរីករាយក្នុងមហាគ្រួសារខ្មែរ កម្មវិធី”សួនមុនីហទ័យ” គឺជាកម្មវិធីមួយ ដែលបង្កើតឡើងក្នុងអត្តន័យប្រមូលផ្តុំនូវសារ:សំខាន់ និងភាពដ៏អស្ចារ្យនៃ សិល្ប: ទំនៀមទម្លាប់ និងឥរិយាបថដ៏ប្រពៃរបស់ប្រជាជនខ្មែរ។កម្មវិធី” ភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣” ជាកម្មវិធីផ្សព្វផ្សាយទូលំទូលាយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព” ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *