ព័ត៌មានជាតិ

ការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប គ្រោងបញ្ចប់​នៅខែកុម្ភៈ ឆ្នាំ២០២៤

ការសិក្សាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តសៀមរាប គ្រោងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២៤ ហើយពីផ្លូវល្បឿនលឿនខេត្តសៀមរាប ទៅក្រុងប៉ោយប៉ែត គ្រោងបញ្ចប់នៅខែឧសភា។ នេះបើតាមការបញ្ជាក់ឱ្យដឹងក្នុងកិច្ចប្រជុំដំបូងរបស់គណៈកម្មការអន្តរក្រសួង ដែលដឹកនាំដោយ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី១៣ ខែធ្នូ ។

កិច្ចប្រជុំដំបូងរបស់គណៈកម្មការអន្តរក្រសួងនាព្រឹកនេះ ធ្វើឡើងដើម្បីជំរុញការអនុវត្តគម្រោងមួយនេះ ក្រោយពីបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA)រួចរាល់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។

បច្ចុប្បន្ន គម្រោងនេះត្រូវបានក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC កំពុងសិក្សាបឋមសមិទ្ធិលទ្ធភាព (Preliminary Feasibility Study – PSF) ហើយគ្រោងនឹងបញ្ចប់ការសិក្សាកំណាត់ភ្នំពេញ-សៀមរាបក្នុងខែកុម្ភៈ និងកំណាត់សៀមរាប-ប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកឱ្យដំណើរការរយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។

ផ្លូវល្បឿនលឿនខ្សែទី៣នេះ មានប្រវែងប្រមាណជាង ៤០០គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ៕