ដើមឆ្នាំ២០២៤ CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន៣២ ដោយមានទុនសរុបជាង១៨៧លានដុល្លារ
ពេញមួយខែមករាក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា CDC បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៣២គម្រោង អាចបង្កើតការងារបានប្រមាណជិត២ម៉ឺន៩ពាន់កន្លែង ដែលមានទុនវិនិយោគសរុបប្រមាណជាង១៨៧លានដុល្លារអាម៉េរិក។
តាមសេចក្តីប្រកាសព័ត៌មានពី CDC ដែលចេញនៅថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៤ បានគូសបញ្ជក់ថា ទុនវិនិយោគប្រមាណជាង៧៨ភាគរយមានប្រភពមកពីប្រទេសចិន មកពីប្រទេសសិង្ហបុរី៩,៦៥ភាគរយ សហរដ្ឋអាម៉េរិក៥,៣៤ភាគរយ មកពីសាធារណរដ្ឋកូរ៉េ៣,៥៥ភាគរយ និង ២,៧៣ភាគរយមកពីប្រភពក្នុងស្រុក។
ចំពោះគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែមករារួមមាន៖ ទី១.គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ។ ទី២.គម្រោងបង្កើតរោងចក្រផ្តុំដំឡើងម៉ូតូ កង់ រ៉ឺម៉ក អគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ទី៣.គម្រោងបង្កើតរោងចក្រ កែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី៤.គម្រោងបង្កើតរោងចក្រតម្បាញ ក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ៕