សង្គម

ប្រកាសមុខតំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស

នារសៀលថ្ងៃទី 16 ខែកុម្ភៈ នៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច លោកវរៈសេនីយ៍ត្រី ជុំ ម៉ៅ ពីមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោង ទៅជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដោយលោកវរសេនីយ៍ត្រី សុខ ដារ៉ា ទៅបំពេញភារកិច្ច ជានាយសេនាធិការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវវិញ។

ក្នុងឱកាសនោះ លោកវរៈសេនីយ៍ត្រី ជុំ ម៉ៅ បានឡើងប្ដេជ្ញាចិត្ត ខិតខំរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុកព្រៃកប្បាស 24 ម៉ោងលើ 24 ម៉ោង និងប្ដេជ្ញាចិត្ត បំបាត់រាល់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានមិនឱ្យមានជាដាច់ខាត។

លោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស បានថ្លែងនៅក្នុងពិធីប្រកាសផ្ទេរភារះកិច្ចនោះដោយផ្ដាំផ្ញើដល់កងកម្លាំងទាំងបីប្រភេទត្រូវបំបាត់រាល់សកម្មភាពល្បែងស៊ីសងអនឡាញ និងឡូតូ បង្ក្រាបឲ្យទាន់ពេលវេលា ដើម្បីភូមិឃុំមានសុវត្ថិភាព។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានណែនាំដល់កងកម្លាំងរាជអាវុធហត្ថទូទាំងខេត្តតាកែវ ត្រូវពង្រឹងសុវត្ថិភាព សន្តិសុខ ជូនដល់ប្រជាពលរដ្ឋ និងបំបាត់ក្មេងទំនើង ចោរលួច ចោរប្លន់ និងបញ្ហាគ្រឿងញៀន ត្រូវតែបង្ក្រាបឲ្យទាន់ពេលវេលា និងដើរល្បាតគ្រប់គោលដៅ និងពួនស្ទាក់បង្ក្រាបឲ្យទាន់ពេលវេលា។ ជាពិសេស បំបាត់នូវរាល់ល្បែងស៊ីសង តាមអនឡាញ និងម៉ូតូគ្រប់ប្រភេទ ជាពិសេសមាន់ដែលគេហៅថា មាន់ដី គឺដាច់ខាតមិនឱ្យមាននៅក្នុងមូលដ្ឋាន ហើយត្រូវចាត់ការបង្ក្រាបឲ្យទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រី សេង មហា បានក្រើនរំលឹកគ្រប់បណ្ដាស្រុកទាំងអស់ស្ថិតក្នុងខេត្តតាកែវ ត្រូវបង្ក្រាបក្មេងទំនើង គ្រឿងញៀន ការគប់កញ្ចក់ឡាន បង្ហោះម៉ូតូ ដេញកាប់គ្នា គឺត្រូវបង្ក្រាបឲ្យទាន់ពេលវេលា។

ទីបញ្ចប់ លោកឧត្តមសេនីយ៍ត្រី សេង មហា បានផ្ដាំផ្ញើដល់មន្ត្រីនិងមេបញ្ជាការកងដ្ដានកងរាជអាវុធហត្ថទាំងអស់ ត្រូវចេះសាមគ្គីគ្នា និងសហការគ្នាឲ្យបានល្អ៕