ទីតាំងល្បែងសុីសងអាប៉េាងដុះស្លែផ្ទះតាក្រឹត្យនៅក្រុងតាខ្មៅ សមត្ថកិច្ចមិនហ៊ានបង្រ្កាបទេ
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែងដុះស្លែ ដែលគេដឹងថា បានបើកលេងល្បែងអាប៉ោង ដោយធ្វើការស៊ីសងរហូតដល់រាប់ម៉ឺនដុល្លារ ស្ថិតនៅក្នុងភូមិព្រៃរាំ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងមានម្ចាស់ផ្ទះដែលគេស្គាល់ឈ្មោះថា តាក្រឹត្យ គឺមិនមានសមត្ថកិច្ចណាហ៊ានធ្វើបង្រ្កាបឡើយ។
សេចក្តីរាយការណ៍ដដែលបានបញ្ជាក់ថា ទីតាំងល្បែងមួយនេះ បើកលេងយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែមិនមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានហ៊ានធ្វើការបង្រ្កាបឡើយ ដែលបើតាមប្រជាពលរដ្ឋខ្លះថា អាចនឹងមានការត្រូវរ៉ូវណាមួយជាមួយអាជ្ញាធរជាក់ជាមិនខាន ទើបបានជាទីតាំងមួយនេះអាចលេងបានរលូន ដោយគ្មានការរំខានយ៉ាងដូច្នេះ។
ចំពោះករណីនេះ យើងមិនអាចស្វែងរកការបំភ្លឺពីលោកមេប៉ុស្តិ៍សង្កាត់កំពង់សំណាញ់ ក៏ដូចជាលោកអធិការនគរបាលក្រុងតាខ្មៅនៅឡើយទេនៅថ្ងៃនេះ។
យ៉ាងណាក៏ដោយ គេរំពឹងថា លោកស្នងការនគរបាលខេត្តកណ្តាល នឹងចាត់វិធានការចំពោះករណីនេះ ឲ្យស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយគ្មានអំពើចោរកម្ម ល្បែងស៊ីសង ដែលបានដាក់ចេញដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីការងារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕