បញ្ជូនមន្រ្តីជលផលខេត្តតាកែវម្នាក់ទៅតុលាការ ក្រោយពីបើករថយន្តទាំងស្រវឹងបុកបុរសម្នាក់ស្លាប់នៅស្រុកបូរីជលសារ
នារសៀលថ្ងៃទី១៥ ខែសីហានេះ អាជ្ញាធរបានបញ្ជូនមន្រ្តីជលផលខេត្តតាកែវម្នាក់ ទៅតុលាការ ក្រោយពីបើករថយន្តទាំងស្រវឹងបុកបុរសម្នាក់បណ្តាលឱ្យស្លា.ប់ និងម្នាក់ទៀតរងរបួសកាលពីថ្ងៃទី១៣ ខែសីហា លើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ ស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២កន្លងមក មានរថយន្តម៉ាកលុសស៊ីសព័ណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AH ៤២០៣ បើកបរដោយឈ្មោះ ហេង ប៊ុនលាប ហៅ ប៉ៃលិន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាមន្ត្រីជលផល បានបើកទៅបុកគោយន្តមួយបណ្តាលឱ្យបុរសម្នាក់បានស្លាប់នៅនឹងកន្លែងភ្លាមៗ ចំណែកម្នាក់ទៀតរងរបួសធ្ងន់។ សូមបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់នោះជាប្ដីប្រពន្ធនឹងគ្នាដែលរស់នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ បានអះអាងថា មុនពេលកើតហេតុគោយន្តកន្ត្រៃនិងរថយន្តបើកបរក្នុងទិសដៅស្របគ្នា ពីទិសខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងភាគីអ្នកបើកបររថយន្តស្រវឹងខ្លាំងពេកទប់ស្មារតីមិនបាន ក៏ជ្រុលទៅបុកគោយន្តពីក្រោយបណ្តាលឱ្យមានអ្នកស្លា.ប់ និងរបួសតែងម្ដង៕