សង្គម

ឃាត់ខ្លួន​មន្រ្តីក្រសួងរ៉ែ និងថាមពលម្នាក់ រឿងលួចលុយពីទូដែកក្រសួងជាង​៥០ម៉ឺនដុល្លារ

មន្ត្រីក្រសួងរ៉ែ និងថាមពល ម្នាក់ ដែលបានលួចប្រាក់ពីទូដែកក្រសួងរ៉ែ និងថាមពល ជាង៥០ម៉ឺនដុល្លារ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ឃាត់ខ្លួន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ស្ត្រីដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ជិន លក្ខិណា អាយុ​៣៥ឆ្នាំ ជាអនុប្រធានគ្រប់គ្រងចំណូលរ៉ែ និងថាមពល។

បើយោងតាមរបាយការណ៍​សមត្ថកិច្ចថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ៣៧ឆ្នាំ ជាប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែ និងថាមពល បានសុំអនុញ្ញាតច្បាប់ចំនួន៨ថ្ងៃ ដោយសារក្រុមគ្រួសារ និងរូបគាត់ផ្ទាល់ វិជ្ជមានវីរុសកូវីដ-១៩។

លុះមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានផ្ញើសារទៅជនរងគ្រោះតាមទូរសព្ទថា សុំកូនសោរបន្ទប់យកមកឱ្យជាងធ្វើសោរទូដែក ជនរងគ្រោះបានប្រាប់ឱ្យជនសង្ស័យទៅយកសោរពីប្រធានរដ្ឋបាល។ ក្រោយទទួលបានកូនសោរហើយ ជនសង្ស័យក៏ចូលទៅឆ្កឹះ និងសែងទូដែកចេញ ប្តូរជំនួសវិញដោយទូដែកថ្មី។ លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក ជនរងគ្រោះក៏មកធ្វើការវិញ ខណៈចូលដល់ក្នុងបន្ទប់ ចាក់សោយកប្រាក់ឱ្យថ្នាក់ដឹកនាំ ក៏ស្រាប់តែចាក់សោរពុំត្រូវ និងខុសលេខកូដ ទើបគាត់ហៅជនសង្ស័យមកសួរនាំ។

តាមរយៈការឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យសែងទូដែកចេញក្រៅ។ បន្ទាប់មកជនសង្ស័យសារភាពថា ខ្លួនជាអ្នកឆ្កឹះ និងប្តូរទូដែក។

តាមរបាយការណ៍សមត្ថកិច្ច ឱ្យដឹងថា សម្ភារៈបាត់បង់ក្នុងករណីលួចទូដែកនេះរួមមាន៖ ប្រាក់រៀលចំនួន១,៤៣១,២៨៤, ៥៩៧.៨០រៀល (មួយពាន់បួនរយសាមសិបមួយលាន ម្ភៃប្រាំបីមុឺន បួនពាន់ប្រាំរយកៅសិបប្រាំពីរ និងប៉ែតសិបរៀល) ប្រាក់ដុល្លារ១៦០,២៣៧,ដុល្លារនិង ៩២សេន (ដប់ប្រាំមួយមុឺនពីររយសាបសិបប្រាំពីរដុល្លារ និងកៅសិបពីរសេន)៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *