សាឡ់ងដឹកខ្សាច់មួយគ្រឿង លិចនៅខាងកើតកោះក្របី ក្នុងខេត្តព្រះសីហនុ មនុស្ស ៤នាក់ត្រូវបានជួយសង្គ្រោះ
មេបញ្ជាការរងទីបញ្ជាការជួបមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ប្រាប់ថា ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីសាឡង់ដឹកខ្សាច់ ១គ្រឿង លេខ AG-15599 ពណ៌ខៀវ បានលិចនៅចំណុចខាងជើងឈាងខាងកើតកោះក្របី ខេត្តព្រះសីហនុ ដោយសារជួបខ្យល់ខ្លាំង និងរលកធំៗ នៅលើសាឡង់មានមនុស្សចំនួន ៤នាក់ ភេទប្រុស ត្រូវបានជួយសង្គ្រោះដោយទូកនេសាទនៅជិតកន្លែងកើតហេតុ ដោយសុវត្ថិភាព ។
រយៈពេលពីរ បីថ្ងៃក្នុងសហ្តហ៍ទី៣ ខែមិថុនានេះ នៅខេត្ដព្រះសីហនុ ផ្ទៃមេឃអួរអាប់បង្កឱ្យមានភ្លៀងធ្លាក់រហូតលាយឡំនិងខ្យល់ ទើបនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពធាតុអាកាសក្នុងខេត្តព្រះសីហនុ ជូនសាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរតាមជលយានក្នុងលម្ហសមុទ្រ។
យោងសេចក្តីជូនដំណឹងបន្ថែម របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ស្ដីពីស្ថានភាពធាតុអាកាសក្នុងខេត្តព្រះសីហនុ បានជូនព័ត៌មានថា ធាតុអាកាសចាប់ពី ថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុទទួលឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា បានកំពុងតែមានឥទ្ធិពល កម្រិតមធ្យម និងធ្វើឱ្យខ្យល់បក់ខ្លាំងពីឈូងសមុទ្រ។ ស្ថានភាពបែបនេះ ធ្វើឱ្យពពកច្រើនដេរដាស សីតុណ្ហភាពពី ២៦អង្សារសេ ទៅ ២៩អង្សារសេ ខ្យល់បក់មកពីទិសនិរតីមានល្បឿនពី ១ម៉ែត្រ ទៅ ៤ម៉ែត្រក្នុង ១វិនាទី វា បង្កឱ្យមានភ្លៀង ផ្គរ រន្ទះកម្រិតពីតិចទៅច្រើនលើសពីកម្រិតធម្មតា ក្នុងបរិមាណជាមធ្យមពី ២០% ទៅ ៣០% និងមានខ្យល់ខ្លាំងក្នុងល្បឿនពី ១០ម៉ែត្រទៅ ១២ម៉ែត្រក្នុង ១វិនាទី រលកសមុទ្រមានកម្ពស់ពី ០,៨ម៉ែត្រ ទៅ ១,២ម៉ែត្រ។ អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនប្រជានេសាទ បងប្អូនរស់នៅតាមបណ្តោយឆ្នេរសមុទ្រ បងប្អូនភ្ញៀវទេសចរ សូមមេត្តាយកចិត្តទុកដាក់ខ្ពស់ អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ជាមធ្យម ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ៕