ម៉ាឡេស៊ី លើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីប្រទេសសិង្ហបុរី កម្ពុជា និងថៃ
រដ្ឋមន្រ្តីដឹកជញ្ជូនម៉ាឡេស៊ី កាលពីថ្ងៃអង្គារ បានប្រកាសពីលក្ខខណ្ឌលើកលែងចត្តាឡីស័ក នៃការមកដល់សម្រាប់អ្នកដំណើរតាមផ្លូវអាកាសមកប្រទេសម៉ាឡេស៊ី ដោយបានចាក់វ៉ាក់សាំងរួច (VTL) ចំពោះប្រទេសសិង្ហបុរី កម្ពុជា និងថៃ ដោយត្រូវកំណត់ស្ដង់ដារមួយ។
លោកវី កា ស៊ុង (Wee Ka Siong) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី បានលើកឡើងថា នីតិវិធីប្រតិបត្តិការស្ដង់ដារ (SOPs) សម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងហើយ (VTLs) មកពីប្រទេសទាំងបីនឹងត្រូវបានផ្ដល់«ឯកសណ្ឋាន»មួយតាមរយៈវិធីសាស្ត្រ «តេស្តហើយទៅ»។ លោកបន្ថែមថា វិធីសាស្ត្រនេះអនុញ្ញាតឱ្យអ្នកដំណើរមិនចាំបាច់រង់ចាំលទ្ធផលកូវីដ១៩ យូរក្នុងអាកាសយាន្តដ្ឋាននោះទេ។
មន្រ្តីជាន់ខ្ពស់ម៉ាឡេស៊ីដដែលបានបញ្ជាក់ថា អ្នកដំណើរត្រូវការតែធ្វើតេស្តសំណាកនៅពេលមកដល់ម៉ាឡេស៊ី ហើយធ្វើដំណើរទៅកន្លែងស្នាក់នៅតាមរយៈមធ្យោបាយធ្វើដំណើរឯកជន។ មិនតែប៉ុណ្ណោះ អ្នកដំណើរត្រូវនៅដាច់ដោយឡែក មុនពេលទទួលបានលទ្ធផលតេស្តដែលយូរបំផុតត្រឹម២៤ម៉ោងប៉ុណ្ណោះ៕