ព័ត៌មានជាតិ

សម្តេច ស ខេង ៖ ក្រសួងកំពុងគិតគូរលើក​លែង​ការ​ឃុំ​ខ្លួនរង់ចាំនីតិវិធីតុលាការ ចំពោះ​បទ​ល្មើស​ស្រាលៗ

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយនឹងអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូ កាលពីពេលថ្មីៗនេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ​ពេលនេះក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីដោះស្រាយបញ្ហានេះ និងកំពុងតែគិតគូរការលើកលែងនូវការឃុំខ្លួនរង់ចាំនីតិវិធីតុលាការចំពោះបទល្មើសស្រាលៗមួយចំនួន ដើម្បីរួមចំណែកកាត់បន្ថយភាពចង្អៀតណែនបានមួយផ្នែករបស់ពន្ធនាគារ។

បើតាម​ប្រសាសន៍​របស់សម្តេច ស ខេង បច្ចុប្បន្ន​ចំនួនអ្នកជាប់ឃុំនៅកម្ពុជាមានប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះជាង៥០ភាគរយជាអ្នកជាប់ឃុំមានការពាក់ព័ន្ធករណីគ្រឿងញៀន។

គួរ​បញ្ជាក់ដែរថា បើ​យោងតាមអង្គការលើកលែងទោសអន្តរជាតិ ជាង៧២%នៃអ្នកទោសទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានរាយការណ៍ថា បានជាប់ឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួនពីបទល្មើសលហុអហិង្សា ដូចជាការប្រើប្រាស់ ឬកាន់កាប់គ្រឿងញៀនជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *