ថៃ ហាមឃាត់ការប្រើកញ្ឆានៅតាមសាកលវិទ្យាល័យ និងស្ថាប័នរដ្ឋ
ខណៈប្រទេសថៃទើបតែបានអនុម័តឲ្យការប្រើប្រាស់កញ្ឆាគឺជារឿងស្របច្បាប់ ក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍ថៃ (MHESI) ក៏បានហាមឃាត់ការលក់អាហារ និងភេសជ្ជៈដែលមានផ្ទុកកញ្ឆា ក៏ដូចជាការប្រើប្រាស់រុក្ខជាតិនេះ សម្រាប់គោលបំណងកម្សាន្តអារម្មណ៍ នៅតាមបរិវេណសាកលវិទ្យាល័យ និងទីភ្នាក់ងារនានារបស់ក្រសួង។
បើតាមកាសែតបាងកកប៉ុស្តិ៍ លោក អានេក ឡៅថាម៉ាថាស (Anek Laothamatas) រដ្ឋមន្ត្រីក្រសួងខាងលើ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយក្នុងគោលបំណងគ្រប់គ្រងការប្រើប្រាស់កញ្ឆានៅក្នុងបរិវេណទាំងនោះ ដោយមានប្រសិទ្ធភាពភ្លាមៗ។
សេចក្តីប្រកាសបានចែងថា សាកលវិទ្យាល័យ និងទីភ្នាក់ងារដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួងសុខភាពសាធារណៈ គឺតម្រូវឱ្យអនុវត្តតាមបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងរបស់ក្រសួងស្តីពីការប្រើប្រាស់កញ្ឆា និងច្បាប់ពាក់ព័ន្ធដទៃទៀត។
និស្សិតសាកលវិទ្យាល័យ និងបុគ្គលិកទីភ្នាក់ងាររបស់ក្រសួង មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្តនោះទេ ខណៈដែលនាយកសាកលវិទ្យាល័យ និងប្រធានទីភ្នាក់ងារក្រសួង ត្រូវបានណែនាំឱ្យហាមឃាត់ការលក់អាហារ និងភេសជ្ជៈដែលមានកញ្ឆាជាគ្រឿងផ្សំ។ ដោយបន្ថែមថា កញ្ឆាក៏មិនអាចត្រូវបាននាំចូលទៅក្នុងសាកលវិទ្យាល័យ និងទីភ្នាក់ងារនានាដែរ។
នាយកសាកលវិទ្យាល័យ និងប្រធានទីភ្នាក់ងារ ក៏ត្រូវបានណែនាំឱ្យរៀបចំសកម្មភាព ឬផលិតប្រព័ន្ធផ្សព្វផ្សាយ ដើម្បីអប់រំសិស្ស បុគ្គលិក និងប្រជាជនដែលរស់នៅក្នុងសហគមន៍ក្បែរនោះអំពីការប្រើប្រាស់ថ្នាំកញ្ឆាឱ្យបានត្រឹមត្រូវ ក្នុងគោលបំណងដោះស្រាយផលប៉ះពាល់ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព។
យោងតាមក្រសួងបានឱ្យដឹងថា ការប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្ត្រ ត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយអ្នកជំនាញវេជ្ជសាស្ត្រ ហើយការស្រាវជ្រាវលើរុក្ខជាតិនេះ នឹងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយនាយកប្រតិបត្តិសាកលវិទ្យាល័យ៕