អន្តរជាតិ

ប្រមុខ​ការពារ​ជាតិ​អាស៊ាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការប្រយុទ្ធ​នៅ​ហ្កា​ហ្សា ខណៈ​ដោះស្រាយ​បញ្ហា​មី​យ៉ាម៉ា​មិន​ចេញ

រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ីអាគ្នេយ៍​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ពុធ​ឱ្យ​បញ្ឈប់​ការប្រយុទ្ធ​គ្នា​នៅ​តំបន់​ហ្កា​ហ្សា​ជាបន្ទាន់ និង​ឱ្យ​ពិភពលោក​សហការ​គ្នា​លើ​ការបង្កើត​ច្រករបៀង​ជំនួយ​មនុស្សធម៌​នៅ​ហ្កា​ហ្សា ប៉ុន្តែ​ពួកគេ​បាន​ជួប​ការលំបាក​អំពី​របៀប​ដោះស្រាយ​ជម្លោះ​ស៊ីវិល​ដែល​អូស​បន្លាយពេល​យូរ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។​

​វិបត្តិ​មី​យ៉ាន់​ម៉ា​គឺ​ស្ថិត​ក្នុង​របៀបវារៈ​កំពូល​នៅពេល​ប្រមុខ​ការពារជាតិ​មក​ពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ជួបប្រជុំគ្នា​ក្នុង​រដ្ឋធា​នីហ្សាការ​តា​របស់​ឥណ្ឌូនេស៊ី​។ ប្លុក​១០​ប្រទេស​នេះ​គឺ​រួមមាន​មី​យ៉ាន់​ម៉ា​ផងដែរ ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ខ្លួន​ត្រូវ​បាន​រារាំង​ម្តង​ទៀត​ពី​ការចូលរួម​ក្នុង​កិច្ចប្រជុំ​ក្នុង​សប្តាហ៍​នេះ ដោយសារតែ​រដ្ឋាភិបាល​យោធា​មិន​បាន​អនុវត្ត​តាម​ផែនការ​គ្រាអាសន្ន​ចំនួន​ប្រាំ​ចំណុច​ដែល​ត្រូវបាន​ព្រាង​ដើម្បី​បន្ធូរបន្ថយ​អំពើហិង្សា​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី លោក ប្រា​បូ​វ៉ូ ស៊ូ​បៀ​ន​តូ (Prabowo Subianto) បាន​និយាយ​នៅក្នុង​សុន្ទរកថា​បើក យ៉ាង​ដូច្នេះ​ថា “​យើង​មាន​ការសោកស្ដាយ​ចំពោះ​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។ ឥណ្ឌូនេស៊ី​លើកទឹកចិត្ត​ឱ្យ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេង​ទៀត គាំទ្រ​មី​យ៉ាន់​ម៉ា ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​និង​យូរអង្វែង​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​។​”

​អាស៊ាន​បាន​និង​កំពុង​ព្យាយាម​អនុវត្ត​ផែនការ​ដែល​ខ្លួន​បាន​បង្កើត​ឡើង​ជាមួយ​ឧត្តមសេនីយ៍​កំពូលរ​បស់​មី​យ៉ាន់​ម៉ា​ក្នុង​ឆ្នាំ ២០២១ ដែល​អំពាវនាវ​ឱ្យ​មាន​ការបញ្ចប់​ជា​បន្ទាន់​នូវ​អំពើហិង្សា ការចាប់ផ្តើម​កិច្ច​ពិភាក្សា​ដែល​សម្របសម្រួល​ដោយ​បេសកជន​ពិសេស​ក្នុងចំណោម​ភាគី​ជម្លោះ និង​ការផ្តល់​ជំនួយ​ដល់​ជនភៀសខ្លួន​។ ប៉ុន្តែ​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា​បាន​ធ្វើ​តិចតួច​ណាស់​ក្នុង​ការអនុវត្ត​ផែនការ​នេះ​។​

​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នឹងត្រូវ​ជួប​ជាមួយ​ដៃគូ​សន្ទនា​ទាំង​ប្រាំបី​របស់​អាស៊ាន ដោយ​ជម្លោះទឹកដី​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​គេ​រំពឹងថា​នឹង​ត្រូវ​លើក​មក​ពិភាក្សា​។​

​លោក​ស៊ូ​បៀ​ន​តូ​ក៏បាន​និយាយ​អំពី​សង្គ្រាម​របស់​អ៊ីស្រាអែល​ជាមួយ​ក្រុម​ហា​ម៉ាស​នៅក្នុង​សុន្ទរកថា​របស់​គាត់​ផងដែរ​។ លោក​បាន​និយាយថា “​ឥណ្ឌូនេស៊ី​មាន​ការសោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​នៅក្នុង​តំបន់​ហ្កា​ហ្សា ជាពិសេស​លក្ខខណ្ឌ​មនុស្សធម៌​ដ៏​អាក្រក់​” ដោយ​បន្ថែម​ថា អំពើហិង្សា​លើ​ជន​ស៊ីវិល “​ត្រូវតែ​បញ្ឈប់​”​។​

​លោក​បាន​និយាយថា “​ផ្ទុយទៅវិញ កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​បាន​បទ​ឈប់​បាញ់​ត្រូវ​តែ​បន្ត ហើយ​ការ​ចូល​ដោយ​សុវត្ថិភាព​នៃ​ជំនួយ​មនុស្សធម៌​ត្រូវតែ​ទូលំទូលាយ និង​ពន្លឿន​ឱ្យ​បាន​លឿន​។​”

​អាស៊ាន​មិន​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​អំពី​សង្គ្រាម​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស​ទេ ដែល​នេះ​មិនមែន​ជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​ទេ​ដោយសារ​តែ​សមាជិក​នីមួយៗ​នៃ​ប្លុក​នេះ​មើលឃើញ​ជម្លោះ​ក្នុង​របៀប​ផ្សេងៗ​គ្នា​៕​