សង្គម

ក្រសួងកសិកម្ម និងអង្គការ ប្រកាសថ្កោលទោសជនល្មើសណាដែលប្រើឧបករណ៍នេសាទខុសច្បាប់ បណ្ដាលឱ្យផ្សោតស្លាប់

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការអភិរក្សធនធានធម្មជាតិ បានប្រកាសថ្កោលទោសចំពោះជនល្មើសណាដែលប្រើឧបករណ៍នេសាទខុសច្បាប់ បណ្ដាលឱ្យសត្វផ្សោតស្លាប់ ខណៈដែលមានសត្វផ្សោតវ័យទំទង់១ក្បាល នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់។

សត្វផ្សោតវ័យទំនង់ដែលបានស្លាប់នេះ មានអាយុប្រមាណ ៧ឆ្នាំ ទម្ងន់ ៦៥គីឡូ បានស្លាប់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

បើតាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ(WWF )សន្និដ្ឋានថា សត្វផ្សោតនេះ បានស្លាប់ដោយសារឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្កោលទោសចំពោះជនល្មើសទាំងឡាយដែលកំពុងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយមន្ដ្រីជំនាញនៃរដ្ឋបាលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីកំណត់មុខសញ្ញាជនល្មើស និងឈានទៅបង្ក្រាប និងដាក់ទោសទណ្ឌដល់ជនល្មើស តាមច្បាប់ស្ដីពីជលផល ។ រដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមផ្ដល់ព័ត៌មាន ដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រី។ រដ្ឋបាលជលផលនឹងផ្តល់ជូននូវរង្វាន់លើកទឹកចិត្ត ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ ផ្សោតកើតបាន៨ក្បាល និង ស្លាប់ ៥ក្បាល ក្នុងនោះ កូនផ្សោតស្លាប់២ក្បាល ជំទង់២ ក្បាល និងស្លាប់ដោយចាស់ជរា១ក្បាល។ ចំពោះបញ្ហានេះ រដ្ឋបាលជលផលនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស ឆក់នេះ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើស តាមច្បាប់ស្តីពីជលផល ៕