ប្រេងសាំងនៅកម្ពុជាហក់ឡើងដល់ ៥៣០០រៀលក្នុងមួយលីត្រ
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានបង្ហាញ តម្លៃប្រេងសាំងបានហក់ឡើងដល់ ៥៣០០រៀលក្នុងមួយលីត្រហើយ ខណៈតម្លៃប្រេងម៉ាស៊ូត ក៏ឡើងដល់ ៥៣០០រៀលក្នុងមួយលីត្រផងដែរ។
ការឡើងថ្លៃប្រេងយ៉ាងគំហុកនេះ ត្រូវបានគេបន្ទោសទៅលើវិបត្តិសង្រ្គាមដែលកំពុងកើតមានរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ខណៈប្រទេសរុស្ស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេសផលិតប្រេងធំជាងគេនៅលើពិភពលោក។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ទណ្ឌកម្មនាំចេញប្រេងឥន្ធនៈដោយសារសង្គ្រាមនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យប្រេងពិភពលោកឡើងថ្លៃខ្ពស់ ដូច្នេះនៅកម្ពុជាក៏នឹងអាចបន្តហក់ឡើងថ្លៃមួយកម្រិតទៀតដែរ ហើយតម្លៃប្រេងក៏រកការកំណត់ជារួមមិនទាន់បានដែរក្នុងស្ថានភាពបច្ចុប្បន្ននេះ។
យ៉ាងណាក៏ដោយចំពោះបញ្ហាតម្លៃប្រេងឥន្ធនហក់ឡើងលើសការរំពឹងទុកនេះ បើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ ថា ក្រសួងពាណិជ្ជកម្មបានកោះប្រជុំរវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ហើយ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហា។ ព្រោះរាជរដ្ឋាភិបាល បានប្រឹងប្រែងធ្វើយ៉ាងណាធានាឲ្យបាននូវ៖ ទី១.ប្រេងសម្រាប់ប្រើប្រាស់សម្រួលជីវភាពពលរដ្ឋ, ទី២.ជីវភាពសេដ្ឋកិច្ច និងទី៣ ធានាថ្លៃសមរម្យស្របដែលអាចឲ្យប្រជាពលរដ្ឋទិញយកមកប្រើប្រាស់បាន៕