សិង្ហបុរីចង់វិនិយោគលើវិស័យឃ្លាំងស្តុកទំនិញត្រជាក់ និងវិស័យដឹកជញ្ជូននៅកម្ពុជា
ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់ថា អ្នកវិនិយោគសិង្ហបុរី មានចំណាប់អារម្មណ៍ចង់មកវិនិយោគនៅប្រទេសកម្ពុជា ពិសេសនៅលើវិស័យពាណិជ្ជកម្ម, វិស័យឃ្លាំងស្តុកទំនិញត្រជាក់ ក៏ដូចជាវិស័យដឹកជញ្ជូន។
ក្នុងន័យនេះ រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី ក៏បានប្រកាសបន្តការគាំទ្រ និងជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទ្វេភាគី រវាងប្រទេសទាំងពីរ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំណរគុណដល់សិង្ហបុរី ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ាន ហើយចាត់ទុកកម្ពុជាជាតំបន់សុវត្ថិភាព ក្នុងការបើកការហោះហើរឡើងវិញ។
ជាមួយគ្នាសម្តេចតេជោ ក៏បានលើកទឹកចិត្តឲ្យមានការជំរុញការវិនិយោគមកកម្ពុជាកាន់តែច្រើន ព្រមទាំងជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែធំ។
ក្នុងនោះ សម្តេចតេជោក៏ស្នើដល់សិង្ហបុរី ពិនិត្យមើលកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ លើវិស័យសុខាភិបាល និងវិស័យដទៃទៀតដែលអាចធ្វើទៅបាន៕