សង្គម

មនុស្សពីរក្រុមដេញប្រហារគ្នា​ស្លាប់ម្នាក់នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ២

តាកែវ – បុរសម្នាក់បាន​ស្លាប់​នៅ​ហ្នឹង​កន្លែង ក្រោយ​ពីមានការ​វាយប្រហារគ្នារវាង​មនុស្ស​២ក្រុម​កាលពីយប់ថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ២ ចំណុច​ភូមិ​ភូនភ្នំ ឃុំ​ត្រពាំងសាប ស្រុកបាទី ខាងជើងផ្សារសំរោងយ៉ោង។

ជនរងគ្រោះ​ដែល​បាន​ស្លាប់នោះ ត្រូវ​បានគេ​បញ្ជាក់ថា មានឈ្មោះ សឿន សុខសាន ភេទប្រុស មានទីលំនៅភូមិខ្ពបលេី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះបានធ្វើដំណើរ​ជាមួយ​មនុស្ស​៤នាក់ផ្សេងទៀត​តាម​ម៉ូតូ ដែល​មាន ១.ឈ្មោះម៉ុត ស្វិតអាយុ២២ឆ្នាំរស់នៅភូមិដំរីឆ្លង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល, ២.ឈ្មោះ សឿន សុខប៉ាយ អាយុ២៤ឆ្នាំ រស់នៅភូ មិខ្ពបលេីឃុំខ្ពបស្រុកស្អាងខេត្តកណ្ដាល, ៣.ឈ្មោះ ហ៊ង ប៊ុនរិទ្ធ អាយុ១៧ឆ្នាំ រស់នៅភូមិខ្ពបលេី ឃុំខ្ពប ស្រុកស្អាងខេត្តកណ្ដាល និង៤.ឈ្មោះ យ៉េង ស្រីណាន់ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិខ្ពបលេី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។

តាមលោក សៅ ប៉េស (ហៅនាយផ្លយ) ដែលមានទីលំនៅក្បែរ​កន្លែង​កើតហេតុបាន​បញ្ជាក់ថា ករណីវាយប្រហារនេះ បានកើត​ឡើង​កាលពីវេលាម៉ោង​ប្រមាណ ១០ និង២០នាទីយប់​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ​លោក​មិន​ដឹងថា មានរឿងហេតុអ្វីនោះ​ឡើយ គ្រាន់តែ​ដឹងថា ភាគី​ម្ខាង​ទៀត គឺមាន​គ្នីគ្នា​ប្រមាណ១០នាក់។

យ៉ាងណាក៏ដោយ ចំពោះករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទីកំពុងធ្វេីការស្រាវជ្រាវ និង​កំណត់មុខសញ្ញាជនសង្ស័យ​ដើម្បីយក​មកផ្តន្ទា​ទោស​ហើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *