ព័ត៌មានជាតិ

មេឃុំចំនួន៣ ត្រូវ​ព្រមាន ករណីចុះហត្ថលេខាលើលិខិតបញ្ជាក់ទិញលក់ដីឧទ្យានជាតិគិរីរម្យ និង​បូកគោ

លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានថ្លែងថា កាលពីពេលថ្មីៗនេះ មន្ទីរបានធ្វើការព្រមានដល់មេឃុំចំនួនបី គឺ ឃុំត្រែងត្រយឹង ឃុំតាសាល និងឃុំត្រពាំងជោ​ ឱ្យបញ្ឈប់ជាបន្ទាន់នូវការចុះហត្ថលេខាលើលិខិតបញ្ជាក់ការកាន់កាប់ដោយខុសច្បាប់ ទៅ​លើដីក្នុងដែនឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ​ និងឧទ្យានជាតិព្រះមនុវង្សបូកគោ។

ការព្រមាននេះ គឺធ្វើ​ឡើង​ក្រោយ​មួយរយៈចុងក្រោយនេះដីព្រៃមួយចំនួនក្នុងតំបន់ឧទ្យានជាតិសុរាម្រិតកុសុមៈគីរីរម្យ​ និងឧទ្យានជាតិព្រះមនុវង្សបូកគោ​ ជាតំបន់ការពារធម្មជាតិដែលបានបង្កើតឡើងដោយព្រះរាជក្រិត្យ ត្រូវបានរងការទន្ទ្រានកាន់កាប់ពីសំណាក់ជនមួយចំនួន។​ ការទន្រ្ទានកាន់កាប់នេះត្រូវបានគេមើលឃើញថា​ មានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធមួយចំនួន​ រួមទាំងមេឃុំដែលបានចេញលិខិត​ និងចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់ការកាន់កាប់នេះផងដែរ។

យ៉ាងណាក៏ដោយ ជាវិធានការបន្ទាន់​ដើម្បីបញ្ឈប់រាល់សកម្មភាពនេះ មន្ទីរបរិស្ថានបានឲ្យ​មេឃុំទាំងបី​ និងអ្នកពាក់ព័ន្ធរួមទាំងមេភូមិ​ និរាករណ៍រាល់ហត្ថលេខាទាំងអស់ដែលបានចុះលើលិខិតកាន់កាប់ ផ្ទេរសិទ្ធ ទិញលក់ដីក្នុងតំបន់គ្រប់គ្រងដោយដែនឧទ្យានជាតិទាំងពីរ​ និងចុះកិច្ចសន្យាបញ្ឈប់ការចុះហត្ថលេខាលើលិខិតទិញលក់ ផ្ទេរសិទ្ធ ឬប្លង់បង្ហាញទីតាំងដីក្នុងដែនឧទ្យានជាតិទាំងពីរនេះចាប់ពីពេលនេះតទៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *