ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាឲ្យសមត្ថកិច្ចកម្ពុជា ស្រាវជ្រាវចាប់ក្រុមប្រដាប់អាវុធភេរវកម្មមួយក្រុម អាចចេញពីវៀតណាមឆ្លងដែនចូលកម្ពុជា

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំកំពុងតែបារម្ភថា ក្រុមប្រដាប់អាវុធភេរវកម្មដែលបានបាញ់ប្រហារនៅវៀតណាមកំពុងតែចូលទឹកដីកម្ពុជា ដែលខ្ញុំសូមយកឱកាសនេះ ចេញបទបញ្ជាជាចំហសម្រាប់កងកម្លាំងប្រដាប់អាវុធ សូមបង្កើនការយកចិត្តទុកដាក់សហការជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ចូលមកក្នុងកម្ពុជា »។

សម្តេចបានបញ្ជាក់ថា «រឿងមួយដែលចង់ផ្ញើសារចេញពីទីនេះ ប៉ុន្មានថ្ងៃហើយ មានការប្រយុទ្ធគ្នាដោយពួកឧទាមមួយក្រុមនៅក្នុងប្រទេសវៀតណាម។ យើងបានធ្វើការស្រាវជ្រាវលើរឿងនេះ សារព័ត៌មាន ក៏បានផ្សាយហើយសារព័ត៌មានរបស់យើងក៏បានផ្សាយខ្លះដែរ ក្រុមនេះបាន វាយប្រហារទៅលើឃុំពីររបស់វៀតណាមក្នុងពេលតែមួយ។ សម្លាប់មេឃុំ លេខាបក្សឃុំ សម្លាប់ប៉ូលីស និងសម្លាប់ប្រជាពលរដ្ឋ និយាយរួមប្រើប្រដាប់អាវុធអាវុធដើម្បីវាយ»។

សម្តេចបន្តថា «ឥឡូវក្រុមនេះកំពុងបាក់ទ័ព។ ហើយខ្ញុំកំពុងតែបារម្ភថា ពួកនេះ នឹងអាចចូលមកក្នុងទឹកដីកម្ពុជា ដែលខ្ញុំសុំយកឱកាសនេះ ចេញបទបញ្ជាជាចំហ សម្រាប់កងកម្លាំងប្រដាប់អាវុធ ជាកងទ័ពក្ដី ជានគរបាលក្ដី នៅទិសយោធភូមិភាគទី១ និងនៅខេត្តរតនគិរី និងមណ្ឌលគីរី ហើយអាចរួមទាំងក្រចេះខ្លះផង សូមបង្កើនការយកចិត្តទុកដាក់សហការជាមួយនឹងភាគីវៀតណាមដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ចូលមកក្នុងកម្ពុជាយើង។ សម្តេច បង្ហាញការសង្ស័យថា «មេរបស់វានៅក្នុងទឹកដីកម្ពុជា ព្រោះមេរបស់វាមិនអាចមកពីខាងទឹកដីចិន ឬនៅក្នុងទឹកដីវៀតណាមទេ នេះជាអង្គការចាត់តាំងមួយ ដែលមានការចាត់តាំងច្បាស់លាស់ អញ្ចឹងត្រូវផ្នែកសន្តិសុខជាតិត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យមើលឲ្យបានច្បាស់ ព្រោះយើងធ្លាប់មានបទពិសោធន៍ហើយ ដែលបានធ្វើដំណើរចេញពីប្រទេសវៀតណាម សម្រាប់ ហាស់សេអ៊ែរ( HCR )នៅទីក្រុងភ្នំពេញ។ អញ្ចឹងផែនការរបស់គេ វាយហើយ បើវាយបាន គឺកាន់កាប់ វាយមិនបាន រត់ចូលកម្ពុជា ហើយមាន HCR ជួយ តែម្ដង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អញ្ចឹងទេ មិនមែនក្នុងតែទឹកដី រតនគិរី មណ្ឌលគីរី សូមឱ្យអ្នកក្រចេះ អ្នកត្បូងឃ្មុំ បង្កើនការយកចិត្តទុកដាក់គ្រប់គ្រង អ្នកធ្វើដំណើរ ពួកនេះមានខ្សែរយៈ ដូចកន្លងទៅជនជាតិម៉ុងតាញ៉ា មិនទាន់អស់ពីនៅទីក្រុងភ្នំពេញទេ នៅសល់ប៉ុន្មាននាក់ ពីមុនអ្នកឯងរត់ឆ្លងដែនមកដល់ភ្នំពេញ ចូលកន្លែង ហាស់សេអ៊ែរ។

សម្តេចបញ្ជាក់ថា «ឥឡូវខ្ញុំកំពុងតែកង្វល់ថា ពួកនេះ នឹងអាចមកជ្រកក្រោមផ្លាក ហាសសេអ៊ែរ នៅទីក្រុងភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានទុកជាមុន ដល់អង្គការអន្តរជាតិ ឬជនជាតិណាៗក៏ដោយ ដែលឃុបឃិតជាមួយក្រុមភេរវកម្មទាំងនេះ ចូលមកក្នុងទីក្រុងភ្នំពេញ ហើយយើងមិនអនុញ្ញាតដាច់ខាត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *