ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ​ ចុះឃាត់ខ្លួននារីបម្រើសេវាផ្លូវភេទតាមដងផ្លូវវេងស្រេង ជាច្រើននាក់

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ​ បានប្រមូល​ និងឃាត់ខ្លួននារី បម្រេីសេវាផ្លូវភេទ នាំគ្នាឈរពពាក់ពូននៅតាមដងផ្លូវសាធារណៈ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យធ្វើឃាត់ខ្លួនដើម្បីការយកទៅអប់រំណែនាំ។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ៨យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោយមានបទបញ្ជាលោក​ សក់​ ច័ន្ទកញ្ញារិទ្ធ​ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់ឲ្យ លោក​ អុិត​ ជំនិត​ និងលោក​ ផុន​ សុផាន​ អភិបាលរង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ពោធិ៍សែនជ័យចុះប្រមូលនារីៗបម្រេីសេវាផ្លូវភេទ នៅចំណុចផ្លូវចោមចៅ(ផ្លូវវេងស្រេង)​ មូលដ្ឋានសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ ជាលទ្ធផល​ប្រមូល​បាន​សរុប​ចំនួន​ ៣៤នាក់​ ក្នុងនោះមានភេទទី៣​ ចំនួន១១នាក់។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុ​ បានឲ្យដឹងថា ក្រោយមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋឃើញក្រុមនារីៗរកស៊ីផ្លូវភេទតាមដងផ្លូវអង្គុយឬឈរចាំហៅម៉ូយយ៉ាងអនាធិបតេយ្យ ថែមទាំងមានរឿងមិនឈប់ឈរ​ ធ្វើឲ្យមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់​ និងសង្គម​ ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ​ចុះបង្ក្រាប​ និងឃាត់ខ្លួនក្រុមនារីៗទាំងនោះយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីធ្វេីការអប់រំ។

បច្ចុប្បន្ន​ ក្រុមនារីប្រកបមុខរបរបម្រេីសេវាផ្លូវភេទទាំងនោះត្រូវបានអាជ្ញាធរធ្វើការអប់រំណែនាំ មិនឲ្យបន្តមកឈរតាមដងផ្លូវសាធារណៈបែបនេះបន្តទៀតឡើយ ក្នុងករណីមិនរាងចាលនោះអាជ្ញាធរនឹងចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *