កម្ពុជានាំចេញស្វាយស្រស់ជាង១៦ម៉ឺនតោន និងគ្រាប់ស្វាយចន្ទី ៨៦ម៉ឺនតោន ក្នុងរយៈពេល៧ខែឆ្នាំនេះ
របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ក្រៅប្រទេស បានចំនួន ១៦១,២២៨.៥៥តោន កើនឡើងចំនួន២៤៧.៩២%។
ផ្លែស្វាយស្រល់ជាង ១៦ម៉ឺនតោននោះ ប្រទេសវៀតណាមជាប់លេខរៀងទី១ ក្នុងការនាំចូលស្វាយពីកម្ពុជាមានចំនួន ១៣៩,៦០៦.៦៨តោន, លេខរៀងទី២ ប្រទេសថៃចំនួន ២១,២១៩.២៨តោន បន្ទាប់មកប្រទេសចិនមានចំនួន ២១១.២២តោន, ប្រទេសកូរ៉េ មានចំនួន ១២៤.៣៨តោន, ទីក្រុងហុងកុងចំនួន ៥០.៧៨តោន, ប្រទេសសិង្ហបុរីចំនួន ១៦.២០តោន និងប្រទេសគុយវ៉ែតចំនួន០.០១តោន។
ក្រៅពីការនាំចេញផ្លែស្វាយស្រស់ កម្ពុជាក៏សម្រេចបានការនាំចេញដំណាប់ស្វាយផងដែរ ដែលមានចំនួន ១៣,៥២៤.៥តោន កើនឡើងចំនួន ១៩៤.១៨% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១១,០៩៥.៥៩តោន, ប្រទេសជប៉ុនចំនួន ៥១២.៥០តោន, ប្រទេសកូរ៉េចំនួន ១៤.៥៦តោន, ប្រទេសហ្វីលីពីនចំនួន ៧៣៥.៦៩តោន, ប្រទេសថៃចំនួន ១,០៦៤.៦១តោន, សហរដ្ឋអាមេរិកចំនួន ៨.៥៦តោន, ប្រទេសវៀតណាមចំនួន ៧៦.៨០តោន, ចក្រភពអង់គ្លេស ១៦.១៤តោន, និងប្រទេសកាហ្សាក់ស្ថានចំនួន ០.០៥តោន។
យ៉ាងមិញកម្ពុជាបាននាំចេញទឹកស៊ីរ៉ូស្វាយចំនួនជាង ៤,០៦៩.៦២តោន កើនឡើងចំនួន ៧៩.១៦% ដែលនាំចេញទៅកាន់ប្រទេសចិនប្រមាណ ១៤៨តោន, និងប្រទេសហ្វីលីពីនចំនួន ៣,៩២១.៦២តោន។
របាយការណ៍បង្ហាញទៀតថា រយៈពេល៧ខែឆ្នាំ២០២១នេះ គ្រាប់ស្វាយចន្ទីកម្ពុជា ក៏បាននាំចេញទៅកាន់ក្រៅប្រទេសដែល ដោយមានចំនួន ៨៦៦,២០៧.៧៧តោន កើនឡើងចំនួន ៣៤៥.២៩%។
សម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជាបាននាំចេញនេះ គឺបាននាំចេញទៅបណ្ដាលប្រទេសដូចជា៖ ចិនចំនួន ៣,៦៣៩.៥តោន, ឥណ្ឌាចំនួន ១៧តោន, ជប៉ុនចំនួន ៣៤.៤៣តោន, កូរ៉េចំនួន ៣.៩១តោន, ឡាវចំនួន ២តោន, អារ៉ាប់ចំនួន ១៤.៥១តោន, តូហ្គោចំនួន ០.០១តោន, ថៃចំនួន ៣,១៩៩.៤០តោន, អារ៉ាប់រួមចំនួន ០.០១តោន, វៀតណាមចំនួន ៨៥៩,២៩០តោន និងបង់ក្លាដែសចំនួន ៧តោនផងដែរ៕