សាលមហោស្រពខេត្តតាកែវ អាយុកាលជិត ៦០ឆ្នាំ ត្រូវបានអគ្គិភ័យឆាបឆេះសល់តែគ្រោងឆ្អឹង
សាលមហោស្រពខេត្តតាកែវ ដែលបានសាងសង់ឡើងអំឡុងឆ្នាំ១៩៦៨ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីថ្ងៃអាទិត្យ។
លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានអោយដឹងថា មុនពេលកើតហេតុបណ្តាលអោយភ្លើងឆាបឆេះមហោស្រពខេត្តនេះ គឺខាង មជ្ឈមណ្ឌលភាសាអង់គ្លេសអភិវឌ្ឍន៍បញ្ញា-IDEA ធ្វើកម្មវិធីប្រគល់សញ្ញាប័ត្រទៅអោយកូនសិស្សជាង ១៤០នាក់។ លោកអធិការនគរបាលក្រុងបានបន្តទៀតថា នៅពេលកំពុងចាប់ផ្តើមកម្មវិធីរាំរបាំជូនពរនោះ ក៏ស្រាប់តែមានភ្លើងឆាប់ឆេះចេញពីដំបូលខាងលើ នឹងបានធ្វើឲ្យលោកគ្រូអ្នកគ្រូនិងសិក្សានិស្សដែលត្រៀមទទួលសញ្ញាបត្រមានការភ្ញាក់ផ្អើលឆោឡោនឹងបានរត់ជាន់ជើងគ្នា រត់ចេញមកខាងក្រៅតែករណីនេះមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់លោកគ្រូអ្នកគ្រូ ឬសិស្សានុសិស្សដែលមកទទួលសញ្ញាបត្រឡើយ។
លោកអធិការនគរបាលក្រុងដូនកែវ បានបញ្ជាក់ថាចំពោះការខូចខាតអគ្គិភ័យបានឆេះបំផ្លាញសម្ភារៈទាំងស្រុងនៅក្នុងបរិវេណមហោស្រពខេត្តតាកែវ គឺនៅសល់តែកំណាត់មាត់ច្រកចូលពីខាងមុខតែប៉ុណ្ណោះ។
ដោយឡែក លោកវរសេនីយ៍ឯក ហ៊ុន ហែម នាយការិយាល័យពន្លត់អគ្គីភ័យខេត្ត បានអោយដឹងថាចំពោះរថយន្តពន្លត់អគ្គីភ័យ ដែលមកជួយអន្តរាគមន៍ពន្លត់ភ្លើងឆាប់ឆេះមហោស្រពនេះ គឺបានឡានទឹកចំនួន ៧គ្រឿង ឡានរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន ២គ្រឿង ឡាននគរបាលស្រុកទ្រាំង ចំនួន ០១គ្រឿង ឡានទឹកស្រុកត្រាំកក់ចំនួន ០១គ្រឿង ឡានទឹកស្រុកសំរោង ចំនួន ០១គ្រឿង ឡានទឹកស្រុកព្រៃកប្បាស ចំនួន ០១គ្រឿង និងឡានទឹកនៅឡឥដ្ឋ ចំនួន ០១គ្រឿង។
បើតាមមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានឲ្យដឹងថា សាលមហោស្រពខេត្តតាកែវនេះ បានសាងសង់ឡើងអំឡុងឆ្នាំ ១៩៦៨ រហូតមកដល់ឆ្នាំ ២០២៥ នេះ គឺមានអាយុកាលចំនួន ៥៧ឆ្នាំមកហើយ៕