រន្ធត់ណាស់! ថ្ងៃនេះកម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ១៩ រហូតដល់ទៅ ៣២នាក់
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃទី២ ខែមិថុនានេះ បានឲ្យដឹងថា កម្ពុជាមានករណីស្លាប់ដោយសារវីរុសកូវីដ១៩ រហូតដល់ទៅ ៣២នាក់, ចំនួននេះ គឺជាចំនួនដ៏ច្រើនមិនធ្លាប់មាន ចាប់តាំងពីកម្ពុជាមានករណីស្លាប់ដោយសារជំងឺកូវីដ១៩មក។
ដោយឡែកសម្រាប់ករណីឆ្លងថ្មីនៅថ្ងៃនេះវិញ ក៏មានចំនួនច្រើនគួរឲ្យកត់សម្គាល់ផងដែរ តែតិចជាងថ្ងៃម្សិលមិញ ពោលគឺចំនួន ៩៦៦នាក់។
បើសរុបពីពេលដែលកម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ កាលពីដើមឆ្នាំមុន មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩សរុបចំនួន ៥២៣៥០នាក់ហើយ ខណៈករណីស្លាប់សរុបមានចំនួន ៦៦០នាក់។
កាលពីថ្ងៃទី ២៩ ខែ មិថុនា កន្លងទៅនេះ លោកស្រី ឱ វណ្ណឌីន មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានប្រកាសថា មកដល់ពេលនេះ ស្ថានភាពនៃជំងឺកូវីដ ១៩ បានឈានដល់បន្ទាត់ក្រហមក្នុងការឆ្លងរាលដាលនៃវីរុសនេះទៅក្នុងសហគមន៍ ដែលបញ្ហានេះជាការបារម្ភ។
លោកស្រីបញ្ជាក់ថា នៅពេលស្ថានភាពនៃការរាតត្បាតចូលក្នុងសហគមន៍ទ្រង់ទ្រាយធំហើយ មូលដ្ឋានសុខាភិបាលសាធារណៈ និងមន្ទីរពេទ្យនឹងហួសពីសមត្ថភាព ដោយសារអ្នកជំងឺច្រើន មិនមានកន្លែងសម្រាប់សម្រាកទេ។ ការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំនឹងធ្វើឱ្យមានការបាត់បង់ជីវិតច្រើន ហើយប្រជាពលរដ្ឋក៏ពិបាកក្នុងការប្រកបរបររកទទួលទានជាដើម៕