ក្រសួងកសិកម្ម បញ្ជាក់ពីមូលហេតុតម្លៃជ្រូករស់ បន្តធ្លាក់ថ្លៃនាពេលបច្ចុប្បន្ន!
តាមរយៈរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខ្រាមាញ់ និងនេសាទ បញ្ជាក់ថា ស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូកមានការកើនចំនួន ៣៦កន្លែង ស្មើនឹង៧,២% គឺកើនពីចំនួន ៥០៣កន្លែង ឆ្នាំ២០២០ ឡើងដល់ចំនួន ៥៣៩កន្លែង ក្នុងឆមាសទី១ ឆ្នាំ២០២១។
កសិករចិញ្ចឹមជ្រូកត្រៀមបញ្ចេញលក់ ក្នងឱកាសរៀបចំពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ប៉ុន្តែត្រូវបានផ្អាកកម្មវិធីរៀបចំពីធីបុណ្យចាប់ពីបិណ្ឌទី៤ រហូតដល់បុណ្យភ្ជុំបិណ្ឌ បានធ្វើឱ្យជ្រូកមានការកកស្ទះ។ តម្លៃជ្រូកនៅប្រទេសជិតខាង ដូចជាប្រទេសវៀតណាម មានការធ្លាក់ថ្លៃយ៉ាងគំហុក ពោលគឺតម្លៃត្រឹមតែចំនួន ៦ ៥០០រៀល/គីឡូក្រាមប៉ុណ្ណោះ ដែលខុសពីតម្លៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺចន្លោះពីចំនួន ៩៥០០រៀល ទៅចំនួន ១០ ១០០រៀល/គីឡូក្រាម នាពេលសព្វថ្ងៃនេះ។
ក្រសួង បញ្ជាក់ទៀតថា ការនាំចូលកូនជ្រូកពូជក្នុងឆ្នាំ២០១៩ មានត្រឹមចំនួន ២២ ០០០ក្បាល និងនៅឆ្នាំ២០២០ មានការកើនឡើងដល់ចំនួន ២៧៥ ៩២៥ក្បាល។ ចំណែកឯជ្រូកពូជមេ-បានាំចូលបានចំនួន ៧ ៨៤០ក្បាល ក្នុងឆ្នាំ២០១៩ និងកើនដល់ចំនួន ២៨ ១៤៣ក្បាលក្នុងឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ការនាំចូលជ្រូកពូជមេ-បា មានចំនួន ២៤ ៨៦៥ក្បាល និងកូនជ្រូកពូជមានចំនួន ១២៦ ១១៦ក្បាល។
វិបត្តិជំងឺកូវីដ-១៩ តម្រូវការសាច់ជ្រូកមានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេង ជាពិសេសពុំមានភ្ញៀវទេសចរធ្វើដំណើកំសាន្តតាមតំបន់រម្យណីយដ្ឋាននានាក្នុងព្រះរាជាណាចក្រកម្ពុជា។ រីឯបទល្មើសចរាចរសត្វ និងផលិតផលសត្វ ពីប្រទេសជិតខាង គិតត្រឹមបំណាច់ខែកញ្ញា ឆ្នាំ២០២១ បង្ក្រាបបទល្មើសបានចំនួន ៥០ករណី ក្នុងនេះបទល្មើសចលនាដឹកជញ្ជូនជ្រូករស់ចំនួន ២៣ករណី និងសាច់ជ្រូកបង្កកចំនួន ២ករណី។
អគ្គនាយកដ្ឋាន នឹងពិនិត្យមើលបន្ថែមទៀត រវាងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចូល ព្រោះកន្លងមកនេះ តម្លៃជ្រូករស់បានធ្លាក់ចុះដល់ចំនួន ៨ ៥០០រៀល/គីឡូក្រាម បន្ទាប់ពីការជជែកពិភាក្សារវាងសមាគមចិញ្ចឹមសត្វកម្ពុជា ជាមួយអ្នកនាំចូល គឺតម្លៃជ្រូករស់បានកើនឡើងចំនួន ១០ ១០០រៀល/គីឡូក្រាម។ បច្ចុប្បន្នការនាំចូលជ្រូករស់ពីបរទេស នៅថ្ងៃខ្លះមានត្រឹម៣០០ក្បាល/ថ្ងៃប៉ុណ្ណោះ។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងបន្តពិនិត្យ និងពិភាក្សារកដំណោះស្រាយអំពីបញ្ហាតម្លៃជ្រូកនេះបន្ថែមទៀត ព្រមទាំងបន្តរឹតបណ្តឹងការអនុវត្តច្បាប់ ពិសេសបទល្មើសចរាចរសត្វ និងផលិតផលសត្វ៕