ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រម ព្រៀងរវាងសមាជិកនៃក្រុមការងារអនុវត្តគម្រោងស្ដីពី”RiceTechCambodia”ដែលគាំទ្រដោយទីភ្នាក់ងារសហគ្រារបស់ប្រទេសហូឡង់

ភ្នំពេញ ៖នៅសណ្ឋាគារ Raffles le Royal នារសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រម ព្រៀងរវាងសមាជិកនៃក្រុមការងារអនុវត្តគម្រោងស្តីពី “RiceTechCambodia” ដែលគាំទ្រដោយទីភ្នាក់ងាសហគ្រាសរបស់ប្រទេសហូឡង់។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម Thomas Van Leeuwen តំណាងឯកអគ្គរដ្ឋទូតហូឡង់ប្រចាំព្រះរាជា ណាចក្រកម្ពុជ លោកជំទាវ ច័ន្ទ សូម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងមកពីស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សមាជិក សមាជិកាយ៉ាងច្រើនកុះករ។
ជាបឋម លោកសុង សារ៉ន តំណាងក្រុមហ៊ុន Amru Rice បានមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីគម្រោងខាងលើដោយសង្កត់ធ្ងន់ទៅលើគោលបំណង ផែនការសកម្មភាព ភាគីពាក់ព័ន្ធ ជំនួយឧបត្ថម្ភ និងលទ្ធផលរំពឹងទុក។ល។ បន្ទាប់មកលោក Robert Vreeman នាយក Sanorice លោកជំទាវ ច័ន្ទ សូម៉ាលី និងឯកឧត្តម Thomas Van Leeuwen ក៏មានចំណាប់អារម្មណ៍ដោយសង្ខេបជាបន្តបន្ទាប់ពាក់ព័ន្ធនឹងគម្រោងនេះផងដែរ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលហូឡង់ដែលបានគាំទ្រហិរញ្ញវត្ថុដើម្បីអនុវត្តគម្រោងនេះ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Amru Rice ដែលបានខិតខំស្វះស្វែងរកដៃគូជាតិនិងអន្តរជាតិបំណងកៀរគរជំនួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុដើម្បីយកមកអនុវត្តគម្រោងក្នុងទិសដៅជួយដល់កសិករខ្នាតតូចនៅខេត្តមណ្ឌលគិរី ដូចបានបញ្ជាក់ជូនយ៉ាងពិស្តារដោយលោក សុង សារ៉ន លោក Robert Vreeman លោកជំទាវច័ន្ទ សូម៉ាលី និងឯកឧត្តម Thomas Van Leeuwen រួចហើយ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្តក្នុងសុទិដ្ឋិ និយមថា គម្រោងនេះបានកើតឡើងស្របពេលដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងចក្ខុវិស័យពិតប្រាកដក្នុងការធ្វើទំនើបភាវូបនីយកម្មកសិកម្ម មានលក្ខណៈបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងជាលក្ខណ:អន្តរជាតិដោយឈរលើគោលការណ៍ធានាគុណភាព អនាម័យ ភូតគាមអនាម័យ (SPS) និងតម្លៃបន្ថែម ដែលតម្រូវឲ្យបានសមស្របទៅនឹងតុល្យភាពនៃការប្រើប្រាស់ធនធានដី ទឹក មនុស្ស និងធាតុចូលកសិកម្មផ្សេងៗទៀតផងដែរ ក្នុងសុឆន្ទ:ជំរុញកំណើនប្រាក់ចំណូលគ្រួសារនៅជនបទដែលភាគច្រើនជាជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគីរី។
លោកបានរម្លេចផងដែរថានៅឆ្នាំ២០១៨ កម្ពុជាបានក្លាយជាប្រទេសនាំចេញអង្ករមួយក្នុង ចំណោមប្រទេសនាំចេញអង្ករធំៗទាំង១០ នៅលើពិភពលោក។ ក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នា អង្ករក្រអូបពូជស្រូវផ្ការំដួលរបស់កម្ពុជាត្រូវបានទទួលស្គាល់ថាមានគុណភាពល្អ និងរសជាតិឆ្ងាញ់ជាងគេបំផុតលើពិភពលោក។ ព្រមជាមួយសមិទ្ធផលនេះ វិស័យស្រូវ-អង្ករកម្ពុជាក៏កំពុងមានបញ្ហាប្រឈមសំខាន់ៗ មួយចំនួនដែលជាឧបសគ្គក្នុងការធ្វើឲ្យសម្រេចគោលនយោបាយនាំចេញអង្គរ ១លានតោន/ឆ្នាំ របស់រាជរដ្ឋាភិបាល ក្នុងនោះមានដូចជា៖ ១-កង្វះទុនសម្រាប់ប្រមូលទិញស្រូវ ខ្វះឡសម្ងួត និងឃ្លាំងស្តុក ២- ការផ្គត់ផ្គង់ធាតុចូលសម្រាប់ធ្វើការកែច្នៃមានតម្លៃខ្ពស់ ព្រមទាំងមធ្យោបាយដឹកជញ្ជូន ៣- ការអនុវត្តវិធានបច្ចេកទេស អនាម័យ និងភូតគាមអនាម័យក្នុងរោងម៉ាស៊ីនកិនស្រូវនៅមានកម្រិត។ល។ ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធដោយត្រង់ និងដោយប្រយោល សហការចូលរួមបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ច ដោយឈរលើស្មារតីទទួលខុសត្រូវ និងរក្សាផលប្រយោជន៍ជាតិ និងប្រជាជនជាចំបង។ ដើម្បីកសាង និងអភិវឌ្ឍផលិតកម្មស្រូវ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យអង្គពិធីគិតពិចារណានូវវិធានការគន្លឹះមួយ ចំនួនជាអាទិ៍៖ ១- ការលើកកម្ពស់ផលិតកម្មស្រូវប្រកបដោយគុណភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន ២- ការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងការកែច្នៃអង្ករ និង ៣- ការធ្វើពិពិធកម្មទីផ្សារអង្ករ និងជំរុញការនាំចេញ ៤- ការរៀបចំចងក្រងសហគមន៍ផលិតដោយឈរលើគោលការណ៍ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ-សហគមន៍” ៥- ពង្រឹងភាពទទួលខុសត្រូវលើការផ្គត់ផ្គង់ធាតុចូលកសិកម្មឲ្យបានសុក្រឹត។ បច្ចុប្បន្ន ដោយឆ្វេងយល់លើតម្រូវការចំបាច់ រាជរដ្ឋាភិបាលបានព្យាយាមកាត់បន្ថយតម្លៃសេវាកម្ម និងរបាំងជាច្រើនដើម្បីសម្រួលដល់ការនាំចេញ យកចិត្តទុកដាក់ដោះស្រាយបញ្ហាឡសម្ងួត និងឃ្លាំងស្តុកតាមរយៈគម្រោង Rice-SDP, JICA, គម្រោងជំរុញផលិតកម្មស្បៀង (BFP) គម្រោងហិរញ្ញប្បទានរបស់ចិន និងគម្រោងរបស់ធនាគារអភិវឌ្ឍន៍ជនបទ។ល។
វិស័យឯកជនបានឲ្យដឹងថា ការនាំចេញអង្ករសរីរាង្គទៅទីផ្សារសហភាពអឺរ៉ុបជាប់លំដាប់ថ្នាក់លេខ៥ នេះសរបញ្ជាក់ឲ្យឃើញថាការចុះកិច្ចព្រមព្រៀងថ្ងៃនេះ គឺជាការបោះជំហានទៅមុខមួយកម្រិតទៀតក្នុងការជំរុញផលិតកម្មស្រូវសរីរាង្គ និងការកែច្នៃសម្រាប់នាំចេញ។ គម្រោងសង្ឃឹមថា នឹងមានកសិករខ្នាតតូចនៅតំបន់គោលដៅចំនួន ២ ៤០០គ្រួសារ ទទួលបានផល ហើយកសិករចំនួន១ ៣០០នាក់ នឹងទទួលបានការបណ្តុះបណ្តាលបច្ចេកទេស។ ក្រៅពីនេះសហគមន៍នឹងទទួលបានលានហាលស្រូវ ឃ្លាំងស្តុក និងសម្ភារផ្សេងៗទៀត។ ដូច្នេះគ្រប់តួអង្គពាក់ព័ន្ធ ត្រូវប្តេជ្ញាចិត្តទាំងអស់គ្នាដើម្បីចូលរួមចំណែកជួយជំរុញការ អនុវត្តគម្រោងនេះឲ្យទទួលបានជោគជ័យតាមការរំពឹងទុក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *