ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី៣,២៥៩នាក់ នៅខណ្ឌសែនសុខ ផ្តាំផ្ញើអរគុណលោក ហ៊ុន ម៉ានី និងឯកឧត្ត ឃួង ស្រេង តាមរយៈសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក
ភ្នំពេញ ៖ ដោយមានកិច្ចសហការពីសាលារាជធានីភ្នំពេញ សភាសម្ព័ន្ធ សហជីពជាតិកម្ពុជា សាលាខណ្ឌសែនសុខ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ និងស.ស.យ.កខណ្ឌសែនសុខ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចំនួន៣៦៨ នាក់ដឹកនាំ ដោយលោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី នៅក្នុងបរិវេណសាលាបឋមសិក្សាសែនសុខ ស្ថិតក្នុងភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ពិធីនេះប្រព្រឹត្តក្រោមអធិបតី ភាពលោក ឃុត ចាន់ដារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ អនុប្រធានស.ស.យ.ក រាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាល ខណ្ឌសែនសុខ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ និងលោក សោម អូន ប្រធានសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា ។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក ឃុត ចាន់ដារ៉ា បានពាំនាំមតិផ្តាំផ្ញើសាកសុខ ទុក្ខពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មកជូនលោកយាយ លោកតា ពុក ម៉ែ មា មីង បងប្អូនកម្មករនិយោជិត ក្នុងខណ្ឌសែនសុខទាំងអស់ និងបានជម្រាបជូនថា៖ បច្ចុប្បន្ននេះរាជរដ្ឋាភិបាល កម្ពុជា ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងបាន ទទួលនូវសុខសន្តិភាពយ៉ាងបរិបូរណ៍ទូទាំងផ្ទៃប្រទេស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។
លោកតំណាងរាស្ត្រ បានបន្ថែមថា ជាមួយនិងការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល និងការខិតខំរកទទួលទានរបស់បងប្អូនយើង ប្រជាពលរដ្ឋកម្ពុជា ក៏មានកម្រិតជីវភាព រស់នៅកាន់តែល្អប្រសើរឡើង ហើយអ្វីដែលត្រូវគិតគូរ ជាបន្តបន្ទាប់ មកទៀតនេះ គឺបញ្ហាសុខភាពនេះឯង។ ឯកឧត្តមបានសំណូមពរ ដល់លោកយាយ លោកតា ពុកម៉ែ មាមីងទាំងអស់មេត្តាយកចិត្តទុកដាក់ បន្ថែមទៀតដល់ ការថែរក្សាសុខភាពផ្ទាល់ខ្លួន របស់យើង តាមរយៈការទទួលទានទឹកស្អាត ឬទឹកដាំពុះ ហូបស្អាត និងរស់នៅស្អាត និងជាពិសេស គឺបើដឹងថាមានអាការៈមិនសូវ ស្រួលខ្លួនហើយ ត្រូវប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាពជាបន្ទាន់។
លោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ឋគ្រូពេទ្យស.ស.យ.ក បានថ្លែងក្នុងនាមលោកស្រី យឹម ឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយសសម្ព័ន្ធ គ្រូពេទ្យស.ស.យ.កថា ក្រុមគ្រូពេទ្យនៃសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋ យុវជន កម្ពុជាចំនួន៣៦៨នាក់ ដែលសុទ្ធតែជាវេជ្ជបណ្ឌិតជំនាញ ភាគច្រើនបានបញ្ចប់ការសិក្សានៅក្រៅប្រទេស និងមានបទពិសោធន៍ ជាច្រើនឆ្នាំនៅតាមមន្ទីរពេទ្យធំៗនារាជធានីភ្នំពេញ បានចុះផ្តល់សេវាពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅខណ្ឌសែនសុខ ដោយ មិនគិតថ្លៃ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគិតគូរ និងយកចិត្តទុកដាក់ពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ។ លោកបណ្ឌិតហេងសុខគង់ បានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យ នៃសម្ព័ន្ឋគ្រូពេទ្យ សហភាពសហព័ន្ឋយុវជនកម្ពុជា បានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅ២៣ រាជធានី-ខេត្ត បានចំនួន១១០លើក បានចំនួនជិតម្ភៃម៉ឺននាក់ គោលដៅសំខាន់គឺបង្ខិតសេវាសុខាភិបាល ទៅដល់
ផ្ទះប្រជាពលរដ្ឋ ដើម្បីលើកកំពស់សុខភាព និងសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសតំបន់ដាច់ស្រយាល និងឆ្ងាយពីសេវាសុខាភិបាលរបស់រដ្ឋ ។ លោកបណ្ឌិតបានបន្ថែមទៀតថា សេវាដែលផ្តល់ជូនប្រជាពលរដ្ឋក្នុងឱកាសនេះរួមមាន ជំងឺទូទៅ ជំងឺបេះដូង និងសសៃរឈាម អេកូបេះដូង ជំងឺមនុស្សចាស់ ជំងឺត្រចៀក ច្រមុះបំពង់ក បំពាក់ឧបករណ៍សម្លេងជូនអ្នកជំងឺគ-ថ្លង់ ជំងឺភ្នែក ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺកុមារ វះកាត់តូច និងរោគសន្លាក់ ជំងឺមាត់ ធ្មេញ អេកូសាស្ត្រ រោគស្ត្រី និងពិនិត្យផ្ទៃពោះ ជំងឺតម្រងនោម មន្ទីរពិសោធន៍ចល័ត ពិនិត្យបឋម និងវាស់សំពាធឈាម អប់រំសុខភាពសាធារណៈ សេវាថែរក្សាក្រោយព្យាបាល (After Care Service) ។
លោក សោម អូន ប្រធានសម្ព័ន្ឋសហជីពជាតិកម្ពុជា មានប្រសាសន៏បញ្ជាក់ថា យោងតាមអនុសារណៈយោគយល់ MoU សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បី ផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពដោយមិនបង់ប្រាក់ជូនកម្មករនិយោជិត និងប្រជាពលរដ្ខនៅតាមបណ្តាខេត្តក្រុង ។
លោក សោម អូន បានបន្ថែមថា លោកពិតជាមានមោទភាពណាស់ ដែលបានឃើញប្រជាពលរដ្ឋក៏ដូចជាកម្មករនិយោជិតយ៉ាងច្រើនកុះករ បានអញ្ជើញមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺនៅថ្ងៃនេះ ដែលជាសកម្មភាពមួយនៃកិច្ចការសង្គម ហើយវាបានគួបផ្សំបន្ថែមមួយផ្នែកទៀត ទៅលើសេវាពេទ្យរបស់រដ្ឋ ។ លោក សោម អូន ក៏បានលើកឡើងដែរថា បងប្អូនកម្មករនិយោជិតទាំងអស់បាន និងកំពុងតែទទួលបានការយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានដាក់ចេញនូវផែនការចុះជួបសំណេះសំណាលជាមួយបងបងប្អូនកម្មករនិយោជិត ដើម្បីស្វែងយល់ពីស្ថានភាពការងារ និងស្ថានភាពលក្ខ័ណ្ឌការងាររបស់កម្មករនិយោជិត ហើយតាមរយៈជំនួបសំណេះសំណាលនេះសម្តេចតេជោ បានប្រកាសផ្តល់នូវ ផលប្រយោជន៏ថ្មីៗជាច្រើនទៀតដល់កម្មករនិយោជិតដែលកំពុងតែបំរើការងារទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ឋនិងក្រៅប្រព័ន្ឋ ។
លោក សោម អូន បាន គូសបញ្ជាក់ ថា នៅពេលថ្នីៗនេះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកម្មករបានប្រជុំសម្រេចតម្លើងប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់ឆ្នាំ២០២០ចំនួន១៨៧ដុល្លា ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានសម្រេចបន្ថែមចំនួន៣ដុល្លាទៀត សរុបស្មើ ១៩០ដុល្លាក្នុង១ខែ ។ ដូចនេះ នៅឆ្នាំ២០២០ កម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួលទាបបំផុតចំនួន ១៩០ដុល្លាក្នុង១ខែ បើធ្វើការបន្ថែមម៉ោង និងបូករួមអន្ថប្រយោជន៏ផ្សេងៗទៀត គឺបងប្អូនកម្មករនឹងទទួលជាមធ្យមចំនួនពី២០៧ដុល្លា ដល់ ជិត៣០០ដុល្លាក្នុងមួយខែ។
លោក សោម អូន បានបន្ថែមថា កម្មករមិនត្រឹមតែទទួលបានការតម្លើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំនោះទេ ប៉ុន្តែក៏ទទួលបានលក្ខ័ណ្ឌការងារល្អប្រសើរជាច្រើនទៀតពីគោលនយោបាយរបស់បេឡាជាតិសន្តិសុខសង្គម(ប ស ស) ដូចជា: ១-ផ្នែកហានិភ័យការងារ គឺនៅពេលកម្មករគ្រោះថ្នាក់ការងារត្រូវទទួលរ៉ាប់រងការចំណាយដោយ ប.ស.ស, ២-ផ្នែកគាំពារសុខភាព គឺ កម្មករទទួលបានសេវាព្យាបាលដោយមិនបង់លុយនៅពេលទៅពិនិត្យនិងព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យដែលជាដៃគូររបស់ ប. ស. ស, ហើយលោកសង្ឃឹមថា នៅឆ្នាំ២០២០ខាងមុខនេះកម្មករនឹងទទួលបាននូវ សេវាផ្នែកសោធនមួយទៀត គឺនៅពេលកម្មករធ្វើការដល់អាយុកំណត់ និងអតីតភាពកំណត់ នឹងទទួលបានប្រាក់ចូលនិវត្តដូចមន្ត្រីរាជការដែរ។
ឯកឧត្តម សោម អូន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា ដែលបានផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន ដើម្បីចូលរួមសកម្មភាពគាំពារសុខមាលភាពរបស់កម្មករនិយោជិតនិងប្រជាពលរដ្ឋ ដែលមានកង្វះខាតថវិកា។
លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខណ្ឌ និងជាអាជ្ញាធរដែនដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឃុត ចាន់ដារ៉ា តំណាង ឯកឧត្តម ហ៊ុន ម៉ានី ដែលបានដឹកនាំសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងក្នុងមូលដ្ឋាននាឱកាសនេះ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានបំពេញបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លានេះប្រកបដោយវីជ្ជាជីវៈ និងក្រមសីមធម៌ខ្ពស់ និងបានចូលរួមចំណែកយ៉ាងធំធេងដល់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ សម្រាប់ខណ្ឌសែនសុខនេះជាការអញ្ជើញមកព្យាបាលជាលើកទី២ហើយ។ លោកអភិបាលបានបន្តអំពាវនាវឲ្យបងប្អូនថែរក្សាសុខភាព និងមានសាមគ្គីភាព ចូលរួមថែរក្សាសុខសន្តិភាព កុំជឿតាមពាក្យញុះញង់របស់ជនអគិត ដែលនាំឲ្យខ្មែរបែកបាក់ ហើយមានតែសន្តិភាពទេដែលនាំឲ្យប្រទេសជាតិមានការអភិវឌ្ឍ៕