ព័ត៌មានជាតិ

រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាល ជំនាញកុំព្យូទ័រ និងរដ្ឋបាលទូទៅ

ខេត្តបន្ទាយ​មានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហ​ត្ថខេត្តបន្ទាយមាន​ជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងរដ្ឋបាលទូទៅ នៅ​បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ថា យោងតាមសេចក្តីណែ​នាំ​របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ចាការ​កងរាជ​អាវុធហត្ថលើផ្ទៃប្រទេស តម្រូវឲ្យគ្រប់បណ្តាកងឯកភាព និងគ្រប់ការិយាល័យ ចំណុះអង្គ​ភាពកងរាជអាវុធហត្ថខេត្ត ត្រូវធ្វើការហ្វឹកហ្វឺនបង្កើនសមត្ថភាព​ដល់កម្លាំងក្រោមឱវាទ​ទាំងការងារជំ​នាញ និងចំណេះដឹងទូទៅ។

លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា វគ្គនេះគឺធ្វើការបណ្តុះបណ្តាលចាប់ពីថ្នាក់ជំនួយការការិយាល័យ រហូតដល់ថ្នាក់មេបញ្ជាការរង ដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព ជំរុញឲ្យការអនុវត្តន៍តួនាទី-ភារកិច្ចកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានចំណាយថវិកាផ្ទាល់ខ្លួនទិញ កុំព្យូទ័រយួរដៃ ចំនួន១២គ្រឿង ឧបត្ថម្ភដល់នាយ-នាយរងអាវុធហត្ថដែលពុំទាន់មានកុំព្យូទ័រប្រើប្រាស់ផងដែរ។

ទន្ទឹមនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានសំណូមពរដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុក​ដាក់​ខិតខំសិក្សារៀនសូត្រ តាមការបង្ហាត់បង្ហាញរបស់គ្រូជំនាញ ដើម្បីបង្កើននូវ​សមត្ថភាពជំនាញ និងទទួលបានបទពិសោធន៍ល្អៗ សម្រាប់បម្រើការងារជូនអង្គភាពផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *