ព័ត៌មានជាតិ

អគារសិក្សា​១ខ្នង កម្ពស់​២ជាន់ ស្មើនឹង១២បន្ទប់ នៅស្រុកព្រៃឈរត្រូវបានប្រារព្ធពិធី បញ្ចុះបឋម​សិ​លា​សាងសង់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖នាព្រឹកថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ​អភិបាល ខេត្តកំពង់ចាម ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ និងជាតំណាងអតីតសិស្ស វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បានអញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់ អគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្ថិតក្រោមការផ្ដួចផ្ដើម របស់ក្រុម​អតីតសិស្ស ក្រោមការគាំទ្រ ពីសំណាក់​ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយុទ្ធព​លខេ​មរៈភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក។

​ថ្លែងក្នុងឱកាសនោះឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ និងជាតំណាងអតីតសិស្ស វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង បានបញ្ជាក់ថា ក្រៅពីសមិទ្ធផលបណ្ណាល័យគុណគ្រូ គម្រោង​សាងសង់​អគារសិក្សានេះ ត្រូវបានផ្ដួចផ្ដើមឡើង ដោយក្រុមអតីតសិស្ស ហ៊ុន សែន ព្រៃទទឹង និងទទួលបានការគាំទ្រ ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរៈ​ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឆ្លើយតតទៅនឹងតម្រូវការ របស់គណៈគ្រប់គ្រងវិទ្យាល័យ ក្នុងការផ្ដល់សេវាអប់រំ ប្រកបដោយប្រសិទ្ធភាព ជូនដល់ក្មួយៗ ជាសិស្ស ពីព្រោះថា កន្លងមក ចំនួនសិស្សានុសិស្ស មានការកើនឡើង ពីមួយឆ្នាំទៅ មួយឆ្នាំ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះ ក្រុមអតីតសិស្ស វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ដែលមិនបំភ្លេចនូវអនុស្សាវរីយ៍របស់ខ្លួន ជាពិសេស បាន​ចូលរួម​ចំណែកជាមួយសង្គមជាតិ ដោយការលំបង់នូវធនធានផ្ទាល់ខ្លួន តាមរយៈ វប្បធម៌ នៃការចែករំលែក រួមគ្នាកសាងនូវសមិទ្ធផល នៅទីនេះឡើង ទុកជាទីកន្លែង សម្រាប់ក្មួយៗជំនាន់ក្រោយៗ បានសិក្សារៀនសូត្រ ។

ស្មារតីទាំងអស់នេះ គឺបានបណ្ដុះនូវគោលគំនិត ទុកសម្រាប់ក្មួយៗជំនាន់ក្រោយ យកតម្រាប់តាម ដោយមិនអាចបំភ្លេច ស្រុកកំណើត និងសាលារៀនរបស់ខ្លួន បន្ទាប់ពីរកទទួលទានមានបាន នាពេលអនាគត ទៅនោះ។
ឯកឧត្ដមអភិបាលខេត្ត បានចាត់ទុកថា សមិទ្ធផល ខាងលើនេះ ជាសមិទ្ធផលប្រវត្តិសាស្ត្រ  ដែលគ្រោងចំណាយថវិកាប្រមាណជា ២៤ម៉ឺនដុល្លារអាមេរិក ហើយក៏ជាសមិទ្ធផលរួម របស់យើងទាំងអស់គ្នា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់កូនចៅប្រជាពលរដ្ឋយើង បានបន្តការសិក្សា ទៅកម្រិតឧត្ដមសិក្សា ជាបន្តទៀតផងដែរ។

ឯកឧត្ដម អភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចអគ្គម​ហាសេ​នាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់កែទម្រង់លើវិស័យអប់រំ ជាពិសេស លើគោលនយោបាយ បង្កើនការកសាងអគារសិក្សាឲ្យបានច្រើន និងនៅជិតផ្ទះប្រជាពលរដ្ឋ ងាយស្រួលដល់ពួកគាត់ បញ្ជូនកូនចៅទៅសិក្សារៀនសូត្រ។ដូច្នេះ នៅពេលអគារសិក្សា​កសាងរួចរាល់ហើយ សូមមាតា បិតា អាណាព្យាបាលសិស្សទាំងអស់ ជួយជម្រុញ និងលើកទឹកចិត្ត ដល់កូន ចៅ របស់ខ្លួន ឲ្យទៅរៀន ដូចពាក្យស្លោកថា ៖ «ការបញ្ជូនកូន ឲ្យទៅរៀន គឺជាការ​សន្សំទ្រព្យទុក» ហើយឲ្យកូនរៀន ឲ្យចប់ថ្នាក់បាក់ឌុប និងបន្តការសិក្សា ទៅកម្រិតឧត្ដមសិក្សា ដើម្បី ពួកគាត់ មានឱកាសចូលរួមប្រកួតប្រជែង នៅក្នុងទីផ្សារការងារ ដើម្បី ទទួលបានប្រាក់ខែ យកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជា ចូលរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *