ព័ត៌មានជាតិ

១១ខែឆ្នាំ២០២៣ ពន្ធដារប្រមូលចំណូលបានជាង៣,៣ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានប្រមាណ ៣៣៤៧,១៨លានដុល្លារ ស្មើនឹង៩៣,៧១ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

យោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធ ប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែវិច្ឆិកា ចំណូលពន្ធអាករ គ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋាន​ពន្ធដារប្រមូលបាន ជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់ពន្ធដារ នៅក្នុងខែវិច្ឆិកាមានចំនួន១១៣៤,៥៨ប៊ីលានរៀល (ប្រមាណជា២៨០,១៤លានដុល្លារ) ស្មើនឹង៧,៨៤ភាគរយ នៃផែនការច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់បន្ថែមថា ការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(e-Commerce) សម្រេចបានប្រមាណជា៦៨,២៨លានដុល្លារ និងពីសហគ្រាសជាអ្នកជាប់ពន្ធអនិវាសនជនចំនួន៨៣សហគ្រាស (សហគ្រាសផ្គត់ផ្គង់ទំនិញ និងឡិចត្រូនិកពីបរទេសចូលមកកម្ពុជា។

ទន្ទឹមគ្នានោះ ឯកឧត្តម ក៏បានជំរុញឱ្យមានការរៀបចំសេចក្តីព្រាងសៀវភៅណែនាំ ស្តីពីសវនកម្មពន្ធដារ និងបែបបទ និងនីតិវិធីនៃការអនុវត្តធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីរាជការពន្ធដារ និងអ្នកជាប់ពន្ធ (SOP) ព្រមទាំងបានលើកឡើងអំពីសារសំខាន់ និងភាពចាំបាច់ជាបន្ទាន់ក្នុងការបញ្ចប់សេចក្តីព្រាងឯកសារនោះ ឱ្យបានមុនដំណាច់ឆ្នាំនេះ ដើម្បីដាក់ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងអនុម័ត សម្រាប់ដាក់អនុវត្តជាក់ស្តែង៕