ព័ត៌មានជាតិ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ស្នើ​ឱ្យ​ប្រុងប្រយ័ត្ន ករណីក្លែងបន្លំសារសំឡេងជាគ្រួសារ មិត្តភក្តិ ឬដៃគូអាជីវកម្ម

អគ្គនាយកដ្ឋានបច្ចេកវិទ្យា ឌីជីថល និងផ្សព្វផ្សាយ​អប់រំ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងយុគសម័យថ្មីនេះបច្ចេកវិទ្យាប្រៀបដូចជាអាវុធមុខពីរ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ប៉ុន្តែវាក៏អាចក្លាយជាមធ្យោបាយ ដែលក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាឆ្លៀតឱកាសប្រើប្រាស់ដើម្បីលួចយកទិន្នន័យ និងឆបោក ដើម្បីកេងយកប្រយោជន៍ណាមួយពីជនរងគ្រោះផងដែរ។

ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការជម្រាបជូនឡើងវិញនូវបច្ចេកទេស DeepFake ដែលមានមុខងារអាចធ្វើការក្លែងបន្លំមុខ និងសំឡេងរបស់បុគ្គលណាម្នាក់បានដូចស្ទើរតែដូចទាំងស្រុង តាមរយៈការប្រើប្រាស់បច្ចេកទេស Marchine Learning និងបញ្ញាសិប្បនិម្មិត (Artificial intelligence)។

ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់បច្ចេកទេស DeepFake ដើម្បីបន្លំបោកប្រាស់ជនរងគ្រោះក្នុងគោលបំណងមួយចំនួនដូចខាងក្រោម៖

ក្លែងបន្លំសំឡេងដើម្បីផ្ញើសារទៅសាច់ញាតិ មិត្តភក្តិរបស់ជនរងគ្រោះដើម្បីឆបោកប្រាក់ ឬផលប្រយោជន៍ណាមួយ

ក្លែងបន្លំមុខ ឬសំឡេងទាក់ទងទៅដៃគូអាជីវកម្មរបស់ជនរងគ្រោះ ដើម្បីផ្ទេរសាច់ប្រាក់ ឬផលប្រយោជន៍ណាមួយជាដើម។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេស ក៏បានចែករំលែកនូវវិធីសាស្ដ្រដើម្បីការពារ និងបញ្ជាក់ភាពត្រឹមត្រូវនៅពេលដែលជួបករណីសង្ស័យជាសារសំឡេង ឬវីដេអូ ដូចខាងក្រោម៖

សូមផ្ទៀងផ្ទាត់ស្តាប់សំឡេង ដែលលោកអ្នកបានសន្ទនា ជាពិសេសពាក់ព័ន្ធនឹងថវិកា ករណីសង្ស័យគួរទូរសព្ទទំនាក់ទំនងផ្ទាល់ (call) ទៅកាន់បុគ្គលនោះ ឬអាចជួបគ្នាដោយផ្ទាល់ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់

សូមធ្វើការណែនាំដល់សមាជិកគ្រួសារ សាច់ញាតិ បងប្អូន មិត្តភក្តិ និងដៃគូអាជីវកម្មដែលលោកអ្នកបានស្គាល់ឱ្យស្វែងយល់ និងប្រុងប្រយ័ត្នបន្ថែមចំពោះករណីខាងលើ

ប្រសិនបើលោកអ្នកបានជួប ឬចាញ់កលល្បិចក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាដូចករណីខាងលើ សូមធ្វើការទំនាក់ទំនង និងរាយការណ៍មកកាន់សមត្ថកិច្ចជាបន្ទាន់៕