ផ្ទះលក់ទឹកកកមួយកន្លែងនៅភូមិចក ឃុំត្រពាំងសាប បង្កប់ល្បែងជល់មាន់តាមអនឡាញ
(តាកែវ) ៖ ផ្ទះលក់ទឹកកកមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី បើក្រឡេកមើលមួយភ្លែតមិនចាប់អារម្មណ៍ នោះគ្រាន់តែជាផ្ទះលក់ទឹកកក និងអីវ៉ាន់ចាប់ហួយធម្មតាតែប៉ុណ្ណោះ ប៉ុន្តែនៅខាងក្រោយផ្ទះនោះវិញ គឺពោរពេញទៅដោយល្បែងស៊ីសងជល់មាន់តាមអនឡាញ ដោយមានមនុស្សម្នារពពាក់ពពូនគ្នាចូលលេង។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅក្បែរនោះថា ទីតាំងផ្ទះលក់ទឹកកកមួយនេះ មានលេងល្បែងដូចជាបៀរ អាប៉ោង និងជល់មាន់តាមទូរទស្សន៍អនឡាញ ដោយគេឃើញមានមនុស្សមកជួបជុំគ្នាលេងជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោង 9:00 ព្រឹក រហូតដល់យប់ ប៉ុន្តែគេមិនដែលឃើញសមត្ថកិច្ច ឬអាជ្ញាធរណាចុះមកធ្វើការបង្រ្កាបនោះឡើយ។ ការដែលអាជ្ញាធរមិនចុះមកបង្រ្កាបនេះ ពលរដ្ឋសង្ស័យថា អាជ្ញាធរ និងសមត្ថកិច្ចប្រហែលជាទទួលបានលាភសក្តារៈក្រាស់ក្រែលហើយមើលទៅ ទើបមិនធ្វើការបង្រ្កាប។

ចំពោះករណី យើងមិនអាចស្វែងរកការបំភ្លឺពីមេប៉ុស្តិ៍ឃុំត្រពាំងសាបបានទេ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងសាប បានស្នើដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏ដូចជាលោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមមេត្តាពិនិត្យមើលមន្រ្តីក្រោមឱវាទ ដែលកំពុងធ្វើគរ ធ្វើថ្លង់ ធ្វើមើលមិនឃើញ ចំពោះទីតាំងល្បែងនៅក្នុងភូមិសាស្រ្តរបស់ខ្លួន ដោយបណ្តែតបណ្តោយឱ្យលេងយ៉ាងអនាធិបតេយ្យ ធ្វើឱ្យពលរដ្ឋមានការព្រួយបារម្ភពីសុខសុវត្ថិភាព អំពើចោរកម្មក្នុងមូលដ្ឋាន ក៏ដូចជាកំពុងតែប្រាសចាកពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលផងដែរ៕