ក្រសួងពាណិជ្ជកម្ម ៖ រកឃើញផ្លែទុរននាំចូលពីក្រៅប្រទេសមួយចំនួនបានជ្រលក់សារធាតុម្យ៉ាងដែលមិនទាន់កំណត់អត្តសញ្ញាណបាន
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណីមានការនាំចូលផ្លែទុរេនពីប្រទេសជិតខាងដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមីដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។ ក្រោយទទួលព័ត៌មានខាងលើ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” ចុះស៊ើបអង្កេត និងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និង តាមបណ្តាច្រកព្រំដែនមួយចំនួននៃប្រទេសកម្ពុជា។
យោងតាមលទ្ធផលស្រាវជ្រាវបឋម អាជីវករលក់ផ្លែទុរេនបានអះអាងថា ផ្លែទុរេនដែលពួកគាត់ដាក់តាំងលក់គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំជាដើម ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាងក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។ ជាមួយគ្នានោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសង្កេតឃើញថា ផ្លែទុរេនដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណនិង ផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ ដែលអគ្គនាយកដ្ឋាន ក.ប.ប. និងបន្តធ្វើការស្រាវជ្រាវដើម្បី កំណត់អត្តសញ្ញាណនៃសារធាតុនោះ ដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្ម លក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ។ អគ្គនាយកដ្ឋាន ក.ប.ប. ក៏បានបញ្ជាក់បន្ថែមថា ប្រសិនបើប្រជាពលរដ្ឋបានជួបប្រទះ ឬសង្ស័យពីការធ្វើអាជីវកម្មដែលមិនសុចរិត មានដូចជាការ ប្រើប្រាស់សារធាតុមិនស្គាល់អំពីអត្តសញ្ញាណ ក្លែងបន្លំប្រភព សូមផ្តល់ព័ត៌មានឬដាក់ពាក្យបណ្ដឹងមកកាន់ Call Center របស់ក្រសួងពាណិជ្ជកម្ម លេខ ១២៦៦ ឬលេខទូរសព្ទទំនាក់ទំនងផ្ទាល់របស់អគ្គនាយកដ្ឋាន ក.ប.ប. ០៩២ ៨៣០ ៨៥៦ ឬតាមរយៈ Complaint App ឬបណ្តាញទំនាក់ទំនងសង្គមរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយផ្ទាល់៕