ចាប់គ្រឿងញៀនជិត២០គីឡូក្រាម ប្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម
កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ០១ករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងរឹបអូសគ្រឿងញៀនជិត២០គីឡូក្រាម។
ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១.ឈ្មោះ ឡេ វ៉ាន់ថ អាយុ ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម) និង ២.ឈ្មោះ វ៉ាន់ សុផា អាយុ ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ រស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅកាន់ប្រទេសវៀតណាម)។
ដោយឡែកវត្ថុតាងចាប់យករួមមាន ៖ ថ្នាំញៀន ប្រភេទហេរ៉ូអ៊ីន ទម្ងន់ ៣,៥០២ក្រាម, ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់ ២,៩៨៦ក្រាម, ថ្នាំញៀន ប្រភេទកេតាមីន ទម្ងន់ ១៣,០០០ក្រាម(សរុបទម្ងន់ ១៩.៤៨៨គីឡូក្រាម), អាវុធខ្លីធុន K54 ចំនួន ០១ដើម បង់ ០១, គ្រាប់ចំនួន ០៨គ្រាប់, ម៉ូតូ ០១គ្រឿង និងកាបូបធំ សំរាប់ដាក់គ្រឿងញៀនចំនួន ០១។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕