ពលរដ្ឋជាង៤០គ្រួសារមកពីបីភូមិនៃឃុំមហាសាំងផ្ទុះការតវ៉ាបិទផ្លូវ ក្រោយក្រុមហ៊ុនយូហ្គ្រេនទិញដីមិនឱ្យលុយរយៈពេល៥ឆ្នាំ
ប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសារមកពីភូមិស្លែង, ភូមិតាំងរងៀង និងភូមិព្រៃស្តុក កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បាននាំគ្នាតវ៉ាបិទផ្លូវដែលក្រុមហ៊ុនយូហ្គ្រេន ឱ្យតំណាងឈ្មោះ មាច សុវណ្ណរ៉ា និងឈ្មោះ គុន មុន្នីរ៉ា ចរចាទិញដីពីប្រជាពលរដ្ឋជាង៥ឆ្នាំមកហើយតែឱ្យលុយមិនគ្រប់ ដើម្បីទាមទារឱ្យភាគីក្រុមហ៊ុនចេញមុខដោះស្រាយ ស្របពេលដែលពលរដ្ឋស៊ើបដឹងថា ក្រុមហ៊ុនបានលួចគប់គិតគ្នាធ្វើប្លង់ចុះបញ្ជីកម្មសិទ្ធិបញ្ជាក់ក្បាលដីនៅខាងសូរិយោដីរួចរាល់។
អ្នកស្រី ឆូវ ស៊ីវន, លោក ហែម គន្ធា អាយុ៤៦ឆ្នាំ រស់នៅភូមិស្លែង និងលោក យិន សុខា អាយុ៦២ឆ្នាំ រស់នៅភូមិតាំងរងៀង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត ស្ថិតនៅលើផ្លូវលំចូលស្រែដែលក្រុមហ៊ុនយូហ្គ្រេនកំពុងស្ថាបនាចូលឈូសឆាយកាយដីធ្វើអាជីវកម្ម បានឱ្យដឹងស្របគ្នាថា តំណាងក្រុមហ៊ុនទាំងពីរនាក់ដែលមានឈ្មោះខាងលើ បានមកចរចាជាមួយប្រជាពលរដ្ឋទាំងបីភូមិ ដោយធ្វើកិច្ចសន្យាទិញដីស្រែពីប្រជាពលរដ្ឋរាប់រយហិកតា ក្នុងតម្លៃមួយអា៦០០ដុល្លារ និងអ្នកខ្លះមានតម្លៃលើសនេះទៅតាមស្ថានភាពជាក់ស្តែង ដែលក្រុមហ៊ុនបានព្រមព្រៀងជាមួយប្រជាពលរដ្ឋ និងបានកក់ប្រាក់ឱ្យប្រជាពលរដ្ឋទៅតាមទំហំក្បាលដីតូចឬធំ ដោយអ្នកខ្លះបាន២ពាន់ដុល្លារ អ្នកខ្លះបាន៣ពាន់ដុល្លារ។ ចំណែកអ្នកដែលមានក្បាលដីតូចៗ ខាងក្រុមហ៊ុនបានឱ្យលុយអស់មួយចំនួនដែរ ពោលគឺក្នុងចំណោមជាង១០០គ្រួសារ បានលុយប្រហែលតែ៣០ជាងគ្រួសារប៉ុណ្ណោះ។
ប្រជាពលរដ្ឋឱ្យដឹងបន្តថា ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន ខាងតំណាងក្រុមហ៊ុនតែងតែបោកបញ្ឆោតប្រជាពលរដ្ឋ ម្ដងថាថ្ងៃនេះឱ្យលុយ ម្ដងថាថ្ងៃនោះឱ្យលុយបង្គ្រប់ ប៉ុន្តែគ្មានតម្លាភាពទេ ពោលគឺសន្យាខ្យល់ ទើបប្រជាពលរដ្ឋនាំគ្នាប្តឹងទៅខាងសាលាឃុំមហាសាំងឱ្យជួយដោះស្រាយ និងត្រូវបានលោកមេឃុំមហាសាំងបញ្ជូនបន្តទៅសាលាស្រុកភ្នំស្រួច ដែលមានលោកអភិបាលរងឈ្មោះ អ៊ុំ ដេត ជាអ្នកទទួលបន្ទុកដោះស្រាយលើករណីវិវាទនេះ។ យ៉ាងណា ទាំងមន្ត្រីឃុំ និងមន្ត្រីស្រុក បានកោះហៅអ្នកតំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋជួបជុំដោះស្រាយគ្នាជាច្រើនលើកច្រើនសា ដោយបានទាំងធ្វើកិច្ចសន្យាព្រមព្រៀងប្រគល់លុយជូនប្រជាពលរដ្ឋម្ដងហើយម្ដងទៀត គឺរយៈពេលជាង៥ឆ្នាំមកនេះ ក្រុមហ៊ុនមិនបានគោរពតាមកិច្ចសន្យាប្រគល់លុយឱ្យប្រជាពលរដ្ឋទេ និងតែងកុហកបោកប្រាស់ប្រជាពលរដ្ឋ ដោយបានត្រឹមតែសន្យាចោលប៉ុណ្ណោះ។
ពលរដ្ឋបន្តថា ងាកទៅលោកអភិបាលរងស្រុកភ្នំស្រួច អ៊ុំ ដេត វិញ គឺបែរជាត្រូវរ៉ូវជាមួយភាគីក្រុមហ៊ុន ហាក់ដូចជាត្រូវថ្នាំសណ្តំអ្វីម្យ៉ាង ដោយបានគំរាមប្រជាពលរដ្ឋថា បើហ៊ានប្តឹងអ្នកកាសែតឱ្យមកចុះផ្សាយបែកធ្លាយរឿងនេះ គាត់នឹងមិនដោះស្រាយឱ្យឡើយ។ ពលរដ្ឋបន្តថា ថ្មីៗនេះ មានមន្ត្រីសូរិយោដីស្រុក-ខេត្តចុះវាស់វែង ចុចGPS លើដីស្រែមួយចំនួននៅក្បែរដីដែលបានលក់ ទើបពួកគាត់ស៊ើបសួរដឹងថា ក្រុមហ៊ុនបានលួចចុះបញ្ជីក្បាលដីធ្វើប្លង់កម្មសិទ្ធិស្ងាត់ៗជាសម្បត្តិរបស់ក្រុមហ៊ុន ទាំងដែលលុយមិនបានប្រគល់ឱ្យពលរដ្ឋគ្រប់ឡើយ ទើបពួកគេសម្រេចនាំគ្នាបិទផ្លូវលំដែលកំពុងធ្វើលើដីស្រែនេះ ដើម្បីទាមទារឱ្យមានដំណោះស្រាយ។ ក្នុងករណីតំណាងក្រុមហ៊ុនមិនចូលខ្លួនដោះស្រាយទេ គឺមិនអាចបន្តធ្វើផ្លូវលើដីពលរដ្ឋទៀតបានឡើយ។ បន្ថែមលើនេះ ប្រជាពលរដ្ឋដែលមិនបានលុយពីការទិញលក់ទាំងអស់ គ្រោងនឹងនាំគ្នាឡើងទៅប្តឹងតវ៉ានៅក្រសួងដែនដី ឯរាជធានីភ្នំពេញ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យជួយដោះស្រាយករណីក្រុមហ៊ុនលួចធ្វើប្លង់មិនឱ្យលុយពលរដ្ឋនេះជាបន្តទៀតផងដែរ។
អ្នកស្រី សួស សឿង មេភូមិតាំងរងៀង បានឱ្យដឹងថា អ្នកស្រី និងប្រជាពលរដ្ឋមកតវ៉ាបិទផ្លូវមិនឱ្យក្រុមហ៊ុនចូលឈូសឆាយដីនេះ ក៏ព្រោះតែក្រុមហ៊ុនបោកបញ្ឆោតប្រជាពលរដ្ឋម្ដងហើយម្ដងទៀត ជុំវិញការសន្យាខ្យល់ប្រគល់លុយឱ្យប្រជាពលរដ្ឋលើការទិញលក់ដី ដែលមានរយៈពេលជាង៥ឆ្នាំមកហើយ គឺប្រជាពលរដ្ឋមិនបានលុយគ្រប់តាមកិច្ចសន្យានោះទេ ឯក្រុមហ៊ុនបាននាំគ្នាធ្វើរបងថ្មព័ទ្ធយកដីប្រជាពលរដ្ឋ និងលេចឮដំណឹងថា បានទាំងលួចទៅធ្វើប្លង់កម្មសិទ្ធិទៀត ដែលជាទង្វើទុច្ចរិតមិនអាចទទួលយកបាន។ ចំណែក លោក ឡុង ប៊ុនហៀង មេឃុំមហាសាំង បានឱ្យដឹងថា ករណីពលរដ្ឋបីភូមិមានជម្លោះជាមួយខាងក្រុមហ៊ុនយូហ្គ្រេន គឺពិតប្រាកដមែន ដោយប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ខាងក្រុមហ៊ុនមិនទាន់ប្រគល់លុយឱ្យពួកគាត់គ្រប់នៅឡើយទេ។
លោកមេឃុំមហាសាំងឱ្យដឹងបន្តថា កន្លងមក លោកក៏បានដោះស្រាយករណីខាងលើនេះមួយរយៈដែរ ដោយភាគីតំណាងក្រុមហ៊ុន និងពលរដ្ឋបានព្រមព្រៀងគ្នា យល់ព្រមប្រគល់លុយឱ្យបានមួយចំនួនហើយ តែជម្លោះនេះរ៉ាំរ៉ៃពេក លោកបានរាយការណ៍បន្តទៅលោកអភិបាលស្រុកឱ្យជួយដោះស្រាយវិញម្ដង។ ជុំវិញបញ្ហាខាងលើ មានព័ត៌មានបែកធ្លាយពីខាងមន្ត្រីសាលាស្រុកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ខាងភាគីតំណាងក្រុមហ៊ុន បានត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមូលដ្ឋានឃុំ-ស្រុក ព្យាយាមបិទព័ត៌មាននេះចេញក្រៅ ព្រោះលេចឮព័ត៌មានល្ហិចល្ហៀងថា តំណាងក្រុមហ៊ុនទាំងពីរនាក់ខាងលើ បានយកលុយក្រុមហ៊ុនដែលប្រគល់ឱ្យប្រជាពលរដ្ឋទៅចាយវាយក្រៅផ្លូវការអស់ហើយ ទើបគ្មានលុយឱ្យពលរដ្ឋដែលជាម្ចាស់ដី និងព្យាយាមគេចវេសមិនដោះស្រាយជាមួយប្រជាពលរដ្ឋដែលនៅសល់លុយច្រើនៗឡើយ ទើបបង្កឱ្យមានបញ្ហាតវ៉ាបែបនេះ តែបើមានពលរដ្ឋណាម្នាក់ចេញមុខតវ៉ាខ្លាំង ពួកគេបានលួចទាក់ទងឱ្យលុយស្ងាត់ៗបញ្ចប់រឿង។
ចំពោះករណីនេះ យើងនៅមិនទាន់អាចស្វែករកការបំភ្លឺពីលោកអភិបាលរងស្រុកឈ្មោះ អ៊ុំ ដេត និងភាគីតំណាងក្រុមហ៊ុនដែលមានឈ្មោះ មាច សុវណ្ណរ៉ា និងឈ្មោះ គុន មុន្នីរ៉ា បាននៅឡើយទេនៅថ្ងៃនេះ៕