ព័ត៌មានជាតិ

មន្រ្តីសុខាភិបាលទទូចឲ្យប្រជាពលរដ្ឋកុំចាញ់បោកលើឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ !

លោក​វេជ្ជបណ្ឌិត​ស៊ឹង រឹទ្ធី​រ៉េត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប មានប្រសាសន៍ថា ថ្មីៗ​នេះ ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ចែកចាយ លក់​ផលិតផល និង​ធ្វើតេស្ដ​រហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែល​គ្មាន​លេខ​បញ្ជី​ការ និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​ដែល​បញ្ហា​នេះ​អាច​នាំ​ឲ្យ ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ ឈានដល់​ការបញ្ជាទិញ ដើម្បី​ធ្វើតេស្ដ​ដោយ​ខ្លួនឯង​បន្ទាប់ពី​ពួកគាត់​បាន​ចាក់​វ៉ាក់សាំង​រួចហើយនោះ​។​

​លោក​វេជ្ជបណ្ឌិត មានប្រសាសន៍​បន្ថែមថា ចំពោះ​ផលិតផល​ទាំងនេះ​ក្រសួងសុខាភិបាល​មិនទាន់មាន​ការអនុញ្ញាត​ឲ្យ​ដាក់លក់​លើ​ទីផ្សារ​នៅឡើយ​ទេ ដោយ​លោក​បញ្ជាក់ថា​រាល់​ទំនិញ​វេជ្ជសាស្ត្រ​ដែល​អាច​ចរាចរ​លើ​ទីផ្សារ​បាន​ទល់​តែ មានការ​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ជំនាញ ដែល​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់ ដោយ​លោក​វេជ្ជបណ្ឌិត ស៊ឹង រឹទ្ធី​រ៉េត ក៏​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មានការ​ចាញ់បោក​ពី​ជនខិលខូច​ដែល​នាំ​ឲ្យ​មានការ​ខាតបង់​ប្រាក់កាស និង​ភាពត្រឹមត្រូវ​នៃ​លទ្ធផល​ផងដែរ​។​

​សូមបញ្ជាក់ថា ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​២១ ខែមិថុនា​នេះ ក៏បាន​ចេញ​នូវ​សេចក្ដី​ជូន​ព័ត៌មាន ស្ដីពី​ការហាមឃាត់​ការចែក​ចាយ លក់ និង​ធ្វើតេស្ដ​រហ័ស​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែល​គ្មាន​លេខ​បញ្ជី​ការ និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល ដែល​បង្ក​ឲ្យ​មាន​ភាពអនាធិបតេយ្យ​ក្នុងសង្គម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​កំពុង​ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស និង​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ បញ្ឈប់​ជឿ​លើ​ការឃោសនា​កុហក​បោកប្រាស់ ភូតភរ ទាំងនោះ​ដោយ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវរ​ការធ្វើ​តេស្ដ​រហ័ស​រក​អង់​ទី​ក័​រ​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែល​គ្មាន​លេខ​បញ្ជី​ការ និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​ដែល​កំពុង​ផ្សព្វផ្សាយ​លក់​ដោយ​គណនី​បណ្ដាញ​សង្គម​នានា​ផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *