ព័ត៌មានជាតិ

ស្វាយកែវរមៀតធ្លាក់ថ្លៃខ្លាំងពេក កសិករនៅប៉ៃលិនសម្រេចឈូសចោល

ម្ចាស់ចំការ​ស្វាយកែវរមៀត​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ភូមិ​ទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានសម្រេច​កាប់​ដើមស្វាយរបស់ខ្លួន​ចំនួន២០០ដើមចោល ក្រោយ​តម្លៃស្វាយ​មួយ​នេះបានធ្លាក់ចុះ​យ៉ាងគំហុក ពីតម្លៃ​២ពាន់រៀល​ក្នុង​មួយ​គីឡូក្រាម មក​នៅ​ត្រឹម ៤០០រៀល​ក្នុង​មួយ​គីឡូក្រាមប៉ុណ្ណោះ។

ម្ចាស់ចម្ការខាងលើនិយាយថា ដំណាំស្វាយកែវរមៀតរាប់រយដើមនេះ ត្រូវបានដាំដុះអស់រយ:ពេលជាច្រើនឆ្នាំមកហើយ ដោយ​លោកមិនចង់បំផ្លាញចោលទេ ប៉ុន្តែដោយសារ​តែតម្លៃផ្លែស្វាយមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ ដែលមិនអាចនឹងទុកទៀតបាន ព្រោះផលទទួលបានមិនរួចថ្លៃចំណាយ។ លោកបន្តថា កន្លងមកមន្ត្រីកសិកម្មតែងផ្សព្វផ្សាយថា ដំណាំមួយប្រភេទនេះ មានទីផ្សារនៅក្រៅប្រទេស ពិសេសប្រទេសចិនតែម្ដង តែដល់ប្រជាពលរដ្ឋនាំគ្នាដាំ បែរជាតម្លៃធ្លាក់ថ្លៃរហូតមិនអាចទ្រទ្រង់ដល់ការចំណាយវិញបាន ដូច្នេះ ជម្រើសមានតែមួយគឺកាប់ចោល ដាំអ្វីផ្សេងជំនួសវិញ។

ម្ចាស់ចម្ការខាងលើ បន្តថា ពួកគាត់មួយលែងចង់ដាំស្វាយកែវរមៀត ឬដំណាំមៀនប៉ៃលិនទៀតហើយ ព្រោះដាំរួច បែរជាតម្លៃទីផ្សារធ្លាក់ចុះ ខុសពីដំឡូងមី ដែលឡើងថ្លៃខ្ពស់ គឺប្រជាកសិករ បានសម្រេចកាប់ចោលដើមស្វាយ និងដើមតាង៉ែន ប្តូរមកដាំដំណាំវិលជុំវិញ ក្រែងបានថវិកាខ្លះយកទៅសងបំណុលគេ។

សម្រាប់មន្ត្រីរដ្ឋបាលខេត្តប៉ៃលិន បានថ្លែងប្រាប់ថា រឿងប្រជាពលរដ្ឋនាំគ្នាកាប់ដើមស្វាយកែវរមៀតចោលអស់នោះ ជាសិទ្ធិរបស់ពួកគាត់ ក្នុងនាមអាជ្ញាធរមិនអាចឃាត់ឃាំងបានទេ ប៉ុន្តែលោកសូមណែនាំថា ប្រសិនបើមិនទាន់ជ្រើសរើសដំណាំអ្វីឱ្យច្បាស់ទេ កុំទាន់អាលកាប់ចោលអី ព្រោះទម្រាំដាំបានដើមធំៗប៉ុណ្ណេះ គឺចំណាយពេលយូណាស់ តែបើមានជម្រើសល្អហើយ គឺគួរតែផ្លាស់ប្ដូរ ព្រោះពួកគាត់មិនអាចរង់ចាំការខាតបង់ជារៀងរាល់ឆ្នាំបានទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *